មន្ត្រីជំនាញជលផល កោតសរសើរពលរដ្ឋដែលសហការជាមួយអាជ្ញាធរសង្គ្រោះ និងដោះលែងអណ្តើកសមុទ្ទនៅខេត្តកោះកុង
អុន សម្ផស្ស
22 មីនា 2024 09:30 AM

ខេត្តកោះកុង៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានកោតសរសើរដល់ក្រុមហ៊ុនកោះអភិជនរីសត និងរដ្ឋបាលឃុំកោះស្តេចបានសង្គ្រោះ និងលែងអណ្ដើកសមុទ្ទប្រភេទល្មិច ដែលកំពុងរងគ្រោះថ្នាក់ប្រឈមការផុតពូជ ចំនួនពីរក្បាលចូលក្នុងលំហសមុទ្ទវិញ។ ការដោះលែងនេះ ធ្វើឡើងនៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង...។ 

រដ្ឋបាលជលផលបញ្ជាក់ថា អណ្តើកសមុទ្ទទាំងពីរក្បាលដែលអាជ្ញាធររួមជាមួយពលរដ្ឋដោះលែងនាពេលនេះ រួមមាន៖ អណ្ដើកទី១ ទម្ងន់១៣,៧គីឡូក្រាម ទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ ត្រូវបានកិបស្លាកលេខសម្គាល់ KH2402 ។ រីឯអណ្ដើកទី២ មានទម្ងន់១០,១គីឡូក្រាម ទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៥សង់ទីម៉ែត្រ ត្រូវបានកិបស្លាកសម្គាល់ KH2403។ សូមជម្រាបថា អណ្ដើកសមុទ្ទត្រូវបានចាត់ជាប្រភេទធនធានជលផលសមុទ្ទកំពុងរងគ្រោះថ្នាក់ និងត្រូវបានការពារដោយច្បាប់ស្ដីពីជលផល ដូច្នេះរដ្ឋបាលជលផលអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់រួមគ្នាការពារ និងអភិរក្សសត្វអណ្ដេីកសមុទ្ទឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

គួររំឭកថា នេះមិនមែនជាលើកទី១នោះទេ ដែលអាជ្ញាធរឃុំកោះស្ដេច និងពលរដ្ឋបានសង្គ្រោះ ដោះលែងអណ្ដើកសមុទ្ទដែលជាប្រភេងកំពុងរងគ្រោះថ្នាក់ ទៅក្នុងសមុទ្ទវិញ។ ជាក់ស្តែងគេនៅចាំបានថា កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អណ្តើកសមុទ្ទចំនួនពីរក្បាល ក៏ត្រូវបានសង្គ្រោះពី​មងខ្មោច ហើយលែងឱ្យមានសេរីភាពដូចគ្នានេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត