ក្រុមហ៊ុនធំចំនួន២​ គ្រោងនាំដំណាប់ស្វាយកម្ពុជាទៅទីផ្សារ​ចិន អាម៉េរិក និងអឺរ៉ុប
S
Sreyleak Yith
19 សីហា 2025 10:00 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. គ្រោងនាំដំណាប់ស្វាយរបស់កម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការអះអាងរបស់អ្នក​តំណាងក្រុមហ៊ុនទាំងពីរ បានទម្លាយចេញកាលពីថ្ងៃទី១៨សីហា ឆ្នាំ២០២៥...។

នេះជាការបង្ហាញចំណាប់អារម្មណ៍ ក្នុងឱកាស​តំណាងក្រុមហ៊ុនទាំងពីរជួប និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ​​​ និងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្ម លើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សរណៈនៃការយោគយល់គ្នាលើការ​​ ទិញ-លក់ដំណាប់ស្វាយ។ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារអឺរ៉ុប ប្រទេសអាម៉េរិក និងចិន។

លោកស្រីរដ្ឋមន្រ្តី បានបង្ហាញការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ដែលជាការចូលរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ​ លោកស្រីរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្ត​ និងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត​​ កែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត