
រាជធានីភ្នំពេញ៖ លោក ហ្ការី ហ្វ្រង់ឈី (Gary Franchi) ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានប្រធានាធិបតីអាម៉េរិក ទំនងជាទទួលបានព័ត៌មានច្បាស់លាស់រវាងជម្លោះកម្ពុជា-ថៃ ដូច្នេះហើយ ទើបលោក ហ៊ានផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោក ដោយប្រើពាក្យចំៗ និងត្រង់ៗតែម្តងថា «ថៃ ឈ្លានពានកម្ពុជា»។ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ (ពេលវេលានៅកម្ពុជា) លោក ហ្វ្រង់ឈី បានបង្ហោះលើទំព័រហ្វេសប៊ុកនូវសំណេរ និងវីដេអូ ដែលលោកអត្ថាធិប្បាយអំពីសកម្មភាពទីប្រឹក្សាម្នាក់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក គឺ លោក មៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) ដែលបានចុះមកបំពេញបេសកកម្មនៅកម្ពុជានាពេលថ្មីៗនេះ។

បន្ទាប់ពីចេញពីកម្ពុជា នៅយប់ថ្ងៃទី១៨សីហា លោក អាល់ហ្វារ៉ូ នឹងចូលទៅសហគមន៍ខ្មែរធំៗ២កន្លែងក្នុងទឹកដីសហរដ្ឋអាម៉េរិក គឺនៅភាគខាងជើង និងភាគខាងត្បូងនៃរដ្ឋការ៉ូលីណា (Carolina)។ លោក ហ្វ្រង់ឈី អះអាងថា ពលរដ្ឋខ្មែរ-អាម៉េរិកាំងនៅទីនោះ កំពុងរៀបចំពិធីត្រៀមចាំទទួលលោក អាល់ហ្វារ៉ូ ឱ្យស្មើនឹងពិធីទទួលវីរបុរស ដើម្បីតបស្នងនឹងគុណបំណាច់របស់លោក អាល់ហ្វារ៉ូ ដែលបានចុះមកកម្ពុជា ហើយលាតត្រដាងអំពី «ការឈ្លានពានរបស់ថៃមកលើកម្ពុជា»។

បើតាមលោក ហ្វ្រង់ឈី ដដែល នៅដើមខែកញ្ញា ពលរដ្ឋខ្មែរនៅអាម៉េរិក នឹងផ្តល់ពានរង្វាន់ជូនលោក អាល់ហ្វារ៉ូ រួមទាំងលោក ហ្វ្រង់ឈី ខ្លួនឯងផងដែរ សម្រាប់ការលាតត្រដាងការពិតអំពី «ការឈ្លានពានរបស់ថៃមកលើកម្ពុជា និងសម្រាប់ការឈរនៅជាមួយប្រជាជនកម្ពុជា»។ លោក ហ្វ្រង់ឈី ថ្លែងដូច្នេះថា៖«រឿងរ៉ាវរវាងកម្ពុជា-ថៃ គឺជាប្រវត្តិសាស្រ្តកំពុងកើតឡើង ហើយពិភពលោក កំពុងចោលភ្នែកមើល»។

សូមរម្លឹកថា លោក អាល់ហ្វារ៉ូ បានមកដល់កម្ពុជានៅថ្ងៃទី១៥សីហា ហើយលោក ក៏ធ្វើដំណើរទៅមើលប្រជាជនកម្ពុជាតាមព្រំដែនទាំងយប់តែម្តង ទាំងដែលមេឃក៏កំពុងភ្លៀង។ លោក បានឃើញផ្ទាល់ភ្នែកពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេង ដែលកំពុងរស់នៅក្នុងតង់ក្រោមដើមឈើ។ ប្រជាជនកម្ពុជាទាំងនោះ មិនអាចចូលទៅរស់នៅក្នុងផ្ទះបាន ដោយសារកងទ័ពថៃ បានដាក់កង់ឡាន និងបន្លាលួស បិទផ្លូវ និងព័ទ្ធផ្ទះរបស់ពួកគាត់។

លោក អាល់ហ្វារ៉ូ ដែលជាអ្នកកាទូតផងនោះ បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក អំពីសកម្មភាពខ្លួនដែលចុះមើលប្រជាជនកម្ពុជាតាមព្រំដែន។ លោក ចង្អុលទៅកាន់បន្លាសលួស ហើយនិយាយថា បន្លាលួសទាំងនេះ គឺកងទ័ពថៃជាអ្នកដាក់។ លោកប្រើពាក្យធ្ងន់ៗថា ទង្វើរបស់កងទ័ពថៃ គឺប្រមាថដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអំពាវនាវឱ្យបង្កើតបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោក ថែមទាំងប្រើភាសាបែបព្រមានថា៖«ថៃ! អ្នកគិតថាខ្លួនឯងជាបងធំមែន បើដូច្នេះ សូមអ្នករង់ចាំមើលសិនចុះ រហូតដល់លោក ដូណាល់ ត្រាំ ដឹងការពិត»។

ក៏គួរដឹងដែរថា លោក ដូណាល់ ត្រាំ ជាតួអង្គចម្បង ដែលជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ក្រោយលោក ដូណាល់ ត្រាំ បានទាក់ទងតាមទូរសព្ទទៅកាន់មេដឹកកម្ពុជា-ថៃ កិច្ចប្រជុំពិសេសមួយ ក៏បានកើតឡើង កាលពីថ្ងៃទី២៨កក្កដា នៅប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥នេះ។ តាមរយៈកិច្ចប្រជុំពិសេសនេះ បទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ត្រូវបានបង្កើតឡើង។ ទោះយ៉ាងណា ស្ថានភាពប្រទេសជាប់របងទាំង២ មិនទាន់វិលមករកប្រក្រតីភាពវិញឡើយ។

ថៃ ត្រូវគេមើលឃើញថា បានរំលោភបទឈប់បាញ់។ មានភស្តុតាងជាក់ស្តែង! ក្រោយបទឈប់បាញ់ ចូលជាធរមានមិនទាន់បាន១ថ្ងៃស្រួលបួលផង កងទ័ពថៃ ក៏ប្រើល្បិចចាប់កងទ័ពកម្ពុជាជាង២០នាក់។ ក្នុងចំណោមកងទ័ពកម្ពុជាជាង២០នាក់នោះ ម្នាក់ត្រូវបាញ់សម្លាប់ ២នាក់រត់រួចមកវិញ ២នាក់ទៀតត្រូវបានដោះលែង ខណៈនៅសល់១៨នាក់ កងទ័ពថៃ នៅមិនទាន់ដោះលែងនោះទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រោយមានបទឈប់បាញ់ កងទ័ពថៃ បានចូលមកដាក់បន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ សង់ទីស្នាក់ការពីឈើ និងជីកលេណដ្ឋាន ក្នុងតំបន់មួយចំនួនដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ជាដើម៕



