ហេតុការណ៍ព្រះអគ្គិលេបត្របាក់វត្តមួយនៅប្រទេសថៃ
ហៀប ស៊ីថេត
18 សីហា 2025 11:30 AM

រាជធានីបាងកក៖ កាសែតថៃខាថសដ បានចុះផ្សាយនៅថ្ងៃទី១៨សីហានេះថា អគ្គិភ័យមួយបានឆាបឆេះវត្តវេលវ័ន (วัดเวฬุวัน) ហៅវត្តប៉ាផៃ (วัดป่าไผ่) ក្នុងស្រុកម៉ែរីម (แม่ริม) ខេត្តឆៀងម៉ៃ កាលពីថ្ងៃទី១៧សីហា។ អគ្គិភ័យបានឆាបឆេះ និងលេបត្របាក់ដំបូលព្រះវិហារស្ទើរទាំងស្រុង ខណៈរថយន្តពន្លត់អគ្គិភ័យអាចពន្លត់ និងគ្រប់គ្រងស្ថានការបាននៅព្រឹកថ្ងៃទី១៨ ខែសីហានេះ។

រូបភាពបានបង្ហាញឱ្យឃើញថា ភ្លើងបានឆាបឆេះដំបូលព្រះវិហារយ៉ាងសន្ធោសន្ធៅ ខណៈក្រុមអ្នកពន្លត់បានរត់ខ្វែងដៃ-ខ្វែងជើង ដើម្បីពន្លត់អគ្គិភ័យនេះ ប៉ុន្តែដំបូលនៃព្រះវិហារសល់ត្រឹមគ្រោងឆ្អឹងប៉ុណ្ណោះ។ គ្រោះអគ្គិភ័យ បានបណ្ដាលឱ្យខូចខាតអស់ទឹកប្រាក់ប្រមាណ៣លានបាត ទន្ទឹមនឹងរូបព្រះពុទ្ធបដិមាសំខាន់ៗនៅខាងក្នុងព្រះវិហារបានរងនូវការខូចខាតយ៉ាងដំណំ។ មន្ត្រី​ជំនាញ​ជឿថា អគ្គិភ័យ​នេះ​ បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ឬ​ភ្លើង​ចេញពី​ធូប និង​ទៀន ដែល​អុជ​កាលពី​ថ្ងៃ​មុន​។ យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត