មន្ត្រីកសិកម្ម ជំរុញឱ្យអាជ្ញាធរទប់ស្កាត់បទល្មើស ក្រោយរកឃើញឧបករណ៍នេសាទខុសច្បាប់នៅខេត្តកំពង់ឆ្នាំង
អុន សម្ផស្ស
16 សីហា 2025 04:00 AM

ខេត្តកំពង់ឆ្នាំង៖ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន ផល្លីកា ក្រើនរំឭកមន្រ្តីជំនាញជលផលខេត្តកំពង់ឆ្នាំង ឱ្យបន្តខិតខំពង្រឹងការអនុវត្តវិធានការទប់ស្កាត់បទល្មើសជលផល ពិសេសលើការប្រើប្រាស់នូវរាល់ឧបករណ៍នេសាទខុសច្បាប់ដែលពន្លិចនៅក្រោមទឹក។ 

ការជំរុញឱ្យមន្រ្តីជំនាញជលផល សហការជាមួយកម្លាំងដែលប្រចាំការក្នុងភូមិសាស្ត្ររបស់ខ្លួនកាន់តែជិតស្និទ្ធ ដើម្បីអនុវត្តកិច្ចការបង្រ្កាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពនេះ ធ្វើឡើងក្នុងអំឡុងពេលដែល លោក ប៉ែន ផល្លីកា រួមជាមួយក្រុមការងារចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកជលគិរី កាលពីថ្ងៃទី១៥សីហា ឆ្នាំ២០២៥។ តាមរយៈដំណើរនោះ ក្រុមការងារជំនាញប្រើទូកចំនួន៤គ្រឿង មានកម្លាំងសរុបចំនួន១៦នាក់ បំបែកគ្នាចុះទៅបង្ក្រាបការនេសាទដោយឧបករណ៍មិនស្របច្បាប់នារដូវបិទនេសាទ នៅក្នុងចំណុចបឹងវាលសំណាប ខាងក្រោយភូមិឃុំពាមឆ្កោក។

ជាលទ្ធផល ក្រុមការងារជំនាញប្រទះឃើញឧបករណ៍នេសាទខុសច្បាប់មួយចំនួនដែលបានពន្លិចក្រោមទឹកពិបាករក ប៉ុន្តែក្រុមទាំងបួនបានព្យាយាមពិនិត្យរក និងប្រទះឃើញរបាំងស្បៃមុងចំនួន១៦បាំង ស្មើនឹង៨៤០ម៉ែត្រ, លូនិងលបស្បៃមុងចំនួន១៦មាត់ លបប្រឹស១០០ចំនួន២៥ខ្សែ បង្គោលឫស្សីចំនួន៤៨០ដើម ហើយបានរើយកមកដុតបំផ្លាញចោលនៅលើគោក ព្រមទាំងបានលែងកូនត្រីចូលបឹងធម្មជាតិវិញប្រមាណ២០០គីឡូក្រាមផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត