
រាជធានីភ្នំពេញ៖ ម្ដងហើយម្ដងទៀត ថ្ងៃទី១៤សីហាម្សិលមិញ យោធាថៃប្រុងធ្វើសកម្មភាពរាយបន្លាលួស រាយសំណាញ់ និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែការប៉ុនប៉ងនេះមិនបានសម្រេចទេ ក្រោយថៃឃើញវត្តមានកងកម្លាំងកម្ពុជា និងអនុព័ន្ធយោធាបរទេស ចុះទៅសង្កេតការណ៍នៅតំបន់នោះ។ នេះបើតាមការបញ្ជាក់ររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC)។

តាមរយៈលិខិតចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១៥សីហានេះ គណៈកម្មការ JBC បានសម្ដែងការតវ៉ាប្រឆាំងដាច់អហង្កា ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើប្រទេសកម្ពុជា។ គណៈកម្មការ JBC បានបញ្ជាក់ថា នៅថ្ងៃទី១២សីហា យោធាថៃ បានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ខណៈថ្ងៃទី១៣សីហា យោធាថៃបានបន្តរាយបន្លាលួសសំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កាន់តែហ៊ាន «នៅថ្ងៃទី១៤សីហាម្សិលមិញ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពដដែលនេះនៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែនស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឫទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្រោយបានឃើញវត្តមានប្រជាពលរដ្ឋ កងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេសចុះទៅសង្កេតការណ៍នៅតំបន់នោះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព ហើយបានដកថយត្រឡប់ទៅវិញ»។ គណៈកម្មការ JBC បានចាត់ទុកសកម្មភាពរបស់យោធាថៃ ជាសកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគី និងជាសកម្មភាពរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ ជាពិសេស យោធាថៃ បានរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់គណៈកម្មការ JBC នៃប្រទេសទាំងពីរ។

គណៈកម្មការ JBC ទាមទារឱ្យយោធាថៃ រុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់ កុំឱ្យកើតមានសកម្មភាពរំលោភបំពាននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរជាបន្តទៀត។ សូមជម្រាបថា នៅថ្ងៃទី១៤សីហាម្សិលមិញ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅច្រកព្រំដែនបឹងត្រកួន និងតំបន់មួយចំនួនទៀត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យនិងស្ដាប់ពីបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ទិដ្ឋភាពបន្លាលួស និងកង់ឡានដែលយោធាថៃ បានដាក់រាយលើទឹកដីកម្ពុជា ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិមើលឃើញផ្ទាល់ភ្នែក។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតំបន់នោះ បានស្រក់ទឹកភ្នែករៀបរាប់ប្រាប់អនុព័ន្ធយោធាទាំង៧ប្រទេស ទាំងក្ដីឈឺចាប់ពីហេតុការណ៍ដែលកងកម្លាំងថៃបានរាយបន្លាលួស ដេញពួកគាត់ចេញពីផ្ទះ និងបានទទូចសុំឱ្យអន្តរជាតិជួយរកយុត្តិធម៌ជូនកម្ពុជា ក៏ដូចជាពួកគាត់ផងដែរ៕






