មន្រ្តីកសិកម្ម អំពាវនាវម្ចាស់រោង​ម៉ាស៊ីន​ត្រូវទិញស្រូវពី​ប្រជាកសិករក្នុងតម្លៃសមរម្យ
S
Sreyleak Yith
14 សីហា 2025 04:30 AM

ក្រុងសៀមរាប៖ ក្នុងពេលចុះពិនិត្យ​ការប្រមូលផលស្រូវនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ម្ចាស់រោង​ម៉ាស៊ីន​កិនស្រូវទាំងអស់ ជួយប្រមូលទិញស្រូវពីប្រជា​កសិករក្នុងតម្លៃមួយសមរម្យ ដែលអាចទទួលយកបានទាំងសងខាង…។

មន្រ្តីក្រសួងកសិកម្ម កាលពីយប់ថ្ងៃទី១៣សីហា បានគូសបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យ​ការប្រមូលផលស្រូវ លោករដ្ឋលេខាធិការ​ បានណែនាំឱ្យមន្ត្រីជំនាញ និងមន្រ្តី​កសិកម្មឃុំ-សង្កាត់ បន្តផ្តល់ការគាំទ្របច្ចេកទេស និងផ្សព្វផ្សាយ​អំពីស្ថាន​ភាព​​តម្លៃស្រូវតាមទីផ្សារជូនប្រជាកសិករ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ​ ក៏បានលើកទឹកចិត្ត និងជំរុញ​បងប្អូន​ប្រជាកសិករ ឱ្យចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដាំដុះនូវ​ពូជស្រូវ​យុទ្ធសាស្ត្ររបស់ជាតិរួមមាន៖ ស្រូវសែនក្រអូប ផ្ការំដួល និងចំប៉ីស៧០ ព្រោះពូជស្រូវទាំងនេះ ​មានតម្រូវការក្នុងទីផ្សារ។ លោកបញ្ជាក់ថា ការដាំដុះស្រូវតាមការចុះ​កិច្ចសន្យាទិញ​លក់​ទុក​ជាមុន កាត់បន្ថយការចំណាយលើជី-ថ្នាំកសិកម្ម និងទទួល​បានផល​ចំណេញ​ច្រើន។

សូមជម្រាបថា ការចុះពិនិត្យ​តាម​ដាន​វឌ្ឍនភាពនៃផលិតកម្មដំណាំស្រូវរបស់ប្រជាកសិករ ឃើញថា មន្រ្តីកសិកម្មតែងចុះទៅជាក់ស្តែង កាលពីថ្ងៃទី១២សីហាកន្លងទៅ មន្ត្រីក្រសួងកសិកម្ម ក៏បានចុះទៅស្រុកចំនួន៣ក្នុងខេត្តតាកែវដូចជា ស្រុកសំរោង ស្រុកព្រៃកប្បាស និងស្រុកអង្គរបុរីផងដែរ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត