គ្រោះទឹកជំនន់ បង្កការខូចខាតដំណាំស្រូវ និងពោតជាង១៥០០ហិកតា ក្នុងខេត្តចំនួន២
S
Soriya Sou
08 សីហា 2025 06:00 AM

រាជធានីភ្នំពេញ៖ ដំណាំស្រូវ និងពោតប្រមាណជាង១ពាន់៥រយហិកតា របស់ប្រជាកសិករក្នុងខេត្តចំនួនពីរ គឺខេត្តកំពង់ចាម និងត្បូងឃ្មុំ ត្រូវរងការខូចខាតដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨សីហា ឆ្នាំ២០២៥…។

រូបភាព/ក្រសួងកសិកម្ម
រូបភាព/ក្រសួងកសិកម្ម

ក្នុងពេលដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យស្ថានភាពភាពដំណាំដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៦-៧សីហា លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ខេត្តកំពង់ចាម ផ្ទៃដីក្នុងស្រុកចំនួន២បានរងផលប៉ះពាល់។ ក្នុងនោះស្រុកស្ទឹងត្រង់ ទឹកជំនន់ទន្លេមេគង្គបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវសរុប១៧០ហិកតា, ខូចខាត១៥៣ហិកតា និងដំណាំពោតសរុប១៧៤ហិកតា ខូចខាត១៥៣ហិកតា។ ដោយឡែក ស្រុកកោះសុទិន ប៉ះពាល់ដំណាំពោត១២៣ហិកតា ខូចខាត៧៩ហិកតា។ ស្រូវដែលរងផលប៉ះពាល់ និងខូចខាតភាគច្រើនគឺកំពុងស្ថិតក្នុងដំណាក់កាលពង្រោះ ខណៈដំណាំពោត ស្ថិតក្នុងដំណាក់កាលទុំ៧៥ភាគរយទៅ៨៥ភាគរយ និង៥៩ហិកតាបានប្រមូលផល។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម 
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម 

ដោយឡែក ខេត្តត្បូងឃ្មុំ ក្នុងស្រុកក្រូចឆ្មារ ទឹកជំនន់ទន្លេមេគង្គបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវសរុប៨៣៧ហិកតា, ខូតខាត៥៥ហិកតា និងប៉ះពាល់ដល់ដំណាំពោតសរុប២១៩៩ហិកតា និងល្ង៨ហិកតា។ ចំណែក ស្រុកត្បូងឃ្មុំ ដំណាំស្រូវដែលរងផលប៉ះពាល់មានសរុប១២៦៦ហិកតា, ខូចខាត១១៣៤ហិកតា, ដំណាំពោតសរុប៣៣៩ហិកតា ខូចខាត៤០ហិកតា, បន្លែសរុប៣ហិកតា ខូចខាត៣ហិកតា និងឈូកសរុប៦២ហិកតា ខូចខាត២២ហិកតា។ សម្រាប់តំបន់ដំណាំដែលជន់លិច គឺស្ថិតក្នុងតំបន់ទំនាបដែលងាយរងការជន់លិចពីរបបទឹកទន្លេមេគង្គ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មបានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធនឹងបន្តសហការគ្នា ដើម្បីចុះពិនិត្យតាមដានស្ថានភាពដំណាំបន្តទៀត។ ជាមួយគ្នា មន្ទីរកសិកម្មក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយកំណត់ទីតាំងទាំងនោះជាតំបន់ងាយរងគ្រោះ និងធ្វើការផ្សព្វផ្សាយជាទៀងទាត់នៅរៀងរាល់ចុងរដូវប្រាំង ដើម្បីឱ្យកសិករពិចារណាឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តដាំដុះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត