
រាជធានីភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣សីហា ឆ្នាំ២០២៥នេះ ពលរដ្ឋកម្ពុជាដែលបានវិលត្រឡប់មកពីប្រទេសថៃ មានចំនួនជាង៩០ម៉ឺននាក់...។

ថ្លែងក្នុងកិច្ចប្រជុំ ជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃ ឱ្យបានល្អបំផុតជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣សីហានេះ លោក ហេង សួរ បានបញ្ជាក់ថា តួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់ រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន។ ពលរដ្ឋជាង៩០ម៉ឺននាក់ ដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញនេះ ត្រូវបានកំណត់មុខសញ្ញាជា៣ក្រុម រួមមាន៖ ទី១.ជាក្រុមមានអាយុលើស៤៥ឆ្នាំ មាន២៥ម៉ឺននាក់ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២.ជាក្រុមកុមារនៅជាមួយឪពុកម្ដាយ និងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន មានប្រមាណ៥ម៉ឺននាក់ និងទី៣.គឺក្រុមពេញកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

បើតាម លោក ហេង សួរ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង ជាខេត្តមានពលរដ្ឋធ្វើការងារនៅប្រទេសថៃច្រើនជាងគេ និងបានវិលមកកម្ពុជាវិញច្រើនជាងគេ។ លោកបានអរគុណដល់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដឹកនាំសម្របសម្រួលឱ្យរដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចច្រកទ្វារព្រំដែនរៀបចំទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់លំនៅឋានប្រកបដោយភាពកក់ក្ដៅ៕




