ចំណេះដឹងទូទៅ៖ សង្គ្រាមឈ្លានពានរយៈពេល៥ថ្ងៃរបស់យោធាថៃ តាមរយៈការប្រើប្រាស់សព្វាវុធទំនើបៗ យុទ្ធោបករណ៍ធុនធ្ងន់ ដូចជា កាំភ្លើងផ្លោង អាវុធគីមីជីវសាស្ត្រ យន្តហោះចម្បាំង F-16 យន្តហោះ Gripen ទម្លាក់គ្រាប់បែកចង្កោម គ្រាប់MK-82 MK-84 ដ្រូនអត្តឃាត និងដ្រូនទម្លាក់គ្រាប់បែក យ៉ាងសន្ធាប់មកលើយោធាកម្ពុជា ភូមិឋានជនស៊ីវិល វត្តអារាម សាលារៀន និងទីតាំងប្រាសាទបុរាណខ្មែរ គឺមានភាពព្រៃផ្សៃ ឃោរឃៅ គួរឱ្យខ្លាចរអា ប៉ុន្តែសកម្មភាពទាំងនោះមិនបានធ្វើឱ្យយោធាកម្ពុជាចុះចាញ់ ឬភ័យខ្លាចឡើយ។ ប៉ុន្តែផ្ទុយទៅវិញ យោធាកម្ពុជា បានឆ្លើយតបតាមការប្រើអាវុធយុទ្ធសាស្ត្ររបស់ខ្លួន ធ្វើឱ្យទាហានថៃងាប់គជើងគ្នានៅលើសមរភូមិ និងរក្សាបាននូវអធិបតេយ្យភាពដែនដីរបស់ខ្លួន ក្រោយបទឈប់បាញ់ចូលជាធរមាន...។

ភាពខ្លាំងរបស់យោធាកម្ពុជានៅពេលនេះ បាននិងកំពុងធ្វើឱ្យពិភពលោកចោលកន្ទុយភ្នែកសម្លឹងមើលពីវីរភាពកងទ័ពដ៏អង់អាចរបស់កម្ពុជា ដោយមិននឹកស្មានដល់ ព្រោះកម្លាំងទ័ព យុទ្ធោបករណ៍សង្គ្រាមរវាងថៃ និងកម្ពុជា មានគម្លាតដាច់គ្នាឆ្ងាយខ្លាំងណាស់។ យ៉ាងណា យើងសូមមិនបរិយាយលម្អិតច្រើនពេកទេ អំពីភាពបរាជ័យយ៉ាងអាម៉ាសនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រោះថា កម្ពុជាត្រូវការសន្តិភាព ហើយក៏គ្មានអំណួតលើភាពខ្លាំងរបស់ខ្លួននោះដែរ។ ថ្ងៃនេះ SBM News នឹងធ្វើបច្ចុប្បន្នភាព ថាតើប្រទេសណាខ្លះមានឥទ្ធិពល និងអំណាចយោធាខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ និងពិភពលោក? ហើយថាតើកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទីប៉ុន្មាន...?

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ Global Firepower (GFP)។ លំដាប់ទី១ នៅតែមិនទៅណាឆ្ងាយពីកណ្តាប់ដៃបងធំអាស៊ីគ្នេយ៍ឡើយ គឺ ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី នៅតែរក្សាដំណែងកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៥ និងស្ថិតនៅចំណាត់ថ្នាក់ទី១៣ទូទាំងពិភពលោក។ សក្តិសមជាបងធំអាស៊ាន! ឥណ្ឌូណេស៊ី បាននាំមុខមិត្តរួមតំបន់ ដោយចំនួនទាហានច្រើន ឃ្លាំងសព្វាវុធចម្រុះ និងកម្មវិធីទំនើបកម្មផ្នែកការពារជាតិ មានឥទ្ធិពលខ្លាំង។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ នៅឆ្នាំ២០២៥នេះ ចំណាត់ថ្នាក់លេខ២ បានធ្លាក់ទៅក្នុងដៃប្រទេសសង្គមនិយម[វៀតណាម] និងស្ថិតនៅចំណាត់ថ្នាក់ទី២៣ក្នុងពិភពលោក។ វៀតណាម បានរះឡើងទាំងផ្នែកសេដ្ឋកិច្ច និងវិស័យការពារជាតិយ៉ាងស្ងៀមស្ងាត់ ហើយខ្លាំង។ ភាពខ្លាំងរបស់វៀតណាមនៅត្រង់ថា ប្រទេសនេះ ឈោងចាប់ឧត្តមភាពយោធាក្នុងតំបន់លឿនស្លេវគួរឱ្យខ្លាច។ គេសឹងតែអាចនឹងមិនជឿឡើយ ប្រសិនបើយើងនិយាយថា វៀតណាមអាចផលិតយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាសបានដោយខ្លួនឯង។ យ៉ាងណា ទាំងនេះវាគឺជាការពិត ព្រោះវៀតណាមផលិតបានដោយជោគជ័យរួចទៅហើយ។

ចំណាត់ថ្នាក់លេខ៣ បានទៅប្រទេសថៃ និងស្ថិតនៅចំណាត់ទី២៥ នៅទូទាំងពិភពលោក។ ជាក់ស្តែង ប្រទេសមានសត្រូវជាប់របងព្រំដែនទាំង៤របស់ខ្លួននេះ បានចំណាយលុយយ៉ាងក្រាស់ក្រែលទិញសព្វាវុធទំនើបៗ និងសាហាវព្រៃផ្សៃដូចដែលបានធ្វើមកលើប្រទេសកម្ពុជាថ្មី និងកំពុងត្រៀមបើកការឈ្លានពានទឹកដីកម្ពុជាជាថ្មីម្ដងទៀត។ បន្ទាប់ពីថៃ គឺ ប្រទេសសិង្ហបុរី ដែលមានដែនដីតូចជាងគេក្នុងតំបន់ ប៉ុន្តែសម្រាប់វិស័យការពារជាតិរបស់ប្រទេសមួយនេះ មិនធម្មតាឡើយ ដ្បិតថាតូចតែតូចខ្លឹម។ សិង្ហបុរី ស្ថិតនៅចំណាត់លេខ៤នៅអាស៊ាន និងលេខ២៩នៅលើពិភពលោក។ ប្រទេសកូនកោះតូចតែមានលុយច្រើន បច្ចេកវិជ្ជាទំនើប និងកងកម្លាំងមានការបំពាក់បំប៉នខ្ពស់ នោះហើយជាភាពខ្លាំងរបស់ប្រទេសសិង្ហបុរី។

ដ្បិតថាប្រទេសកំពុងញាំញីដោយវិបត្តិផ្ទៃក្នុង ប៉ុន្តែវិស័យការពារជាតិ មីយ៉ាន់ម៉ា មិនធម្មតាទេ ប្រទេសដែលមានសត្រូវរួមជាមួយកម្ពុជាមួយនេះ ក្រសោបបានចំណាត់លេខ៥ ក្នុងប្លុកអាស៊ាន និងចំណាត់ថ្នាក់ទី៣៧នៅលើពិភពលោក ដែលមានអំណាចយោធាខ្លាំងបំផុត។ ក្រៅពីនេះ ប្រទេសហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់លេខ៦ និងលេខរៀងទី៤១នៅលើពិភពលោក ស្របពេលប្រទេសកោះមួយនេះ កំពុងប្រឈមនឹងបញ្ហាដ៏ក្ដៅគគុកជាមួយនាគរាជអាស៊ីចិន នៅឯលម្ហសមុទ្ទចិនភាគខាងត្បូង។ ចំណាត់ទី៧ បានទៅលើ ប្រទេសម៉ាឡេស៊ី ខណៈប្រទេសនេះក៏មានសត្រូវរួមជាមួយកម្ពុជា និងភូមាដែរ ព្រោះព្រំដែនថៃ-ម៉ាឡេស៊ី តែងប៉ះទង្គិចគ្នា ដោយកម្លាំងបំបែករដ្ឋនៅភាគខាងត្បូងថៃ ដែលជាអតីតដែនដីរបស់ម៉ាឡេស៊ីពីមុន។ យ៉ាងណា ម៉ាឡេស៊ី ក្រសោបបានចំណាត់ថ្នាក់ទី៤២នៅលើពិភពលោក បន្ទាប់ពីហ្វីលីពីន។

ចំណែកឯ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី៨ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី៩៥ នៅទូទាំងពិភពលោក។ ដ្បិតថាឧត្តមភាពសព្វាវុធ និងយុទ្ធោបករណ៍យោធាកម្ពុជានៅមានកម្រិត ប៉ុន្តែទាហានកម្ពុជាមានស្មារតីមោះមុត និងមានឆន្ទៈការពារជាតិខ្ពស់ ដើម្បីទប់ទល់នឹងមហិច្ចតាវាទីនិយមរបស់ខ្មាំងសត្រូវឈ្លានពាន[ថៃ] យោធាកម្ពុជា បាននិងកំពុងកសាងកេរ្តិ៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិជាបណ្តើរៗហើយ។ ក្រោយបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃ គេជឿថា ចំណាត់ថ្នាក់របស់យោធាកម្ពុជា អាចនឹងឡើងខ្ពស់ជាងនេះបន្ថែមទៀត។ ចុងក្រោយគេ គឺ ប្រទេសឡាវ ដែលបានកាន់កាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងបញ្ជីអំណាចយោធានៅប្លុកអាស៊ាន និងចំណាត់ថ្នាក់ទី១០៦ នៅក្នុងបញ្ជីអំណាចយោធាលើពិភពលោក។ នេះឆ្លុះបញ្ចាំងពីថវិកាការពារជាតិតូច និងទ្រព្យសម្បត្តិយោធាមានកម្រិត។ គួរបញ្ជាក់ថា ចំណាត់ថ្នាក់ទាំងនេះ បង្ហាញពីសមត្ថភាពយោធាចម្រុះនៅក្នុងតំបន់អាស៊ាន ប៉ុន្តែភាពខ្លាំងពិតប្រាកដ ក៏រួមបញ្ចូល និងអាស្រ័យទៅលើយុទ្ធោបករណ៍ យុទ្ធសាស្ត្រ ទីតាំងភូមិសាស្ត្រ និងឥទ្ធិពលនយោបាយផងដែរ៕








