
រាជធានីភ្នំពេញ៖ កម្ពុជាអាចនាំចេញទំនិញទៅទីផ្សារអេមីរ៉ាត់អារ៉ាប់រួម ក្នុងអត្រាពន្ធ០ភាគរយ លើមុខទំនិញសំខាន់ៗដូចជា៖ ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិច, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, និងអាហារកែច្នៃ។ល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីក្រសួងពាណិជ្ជកម្ម…។

មន្រ្តីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១១សីហាម្សិលមិញ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement-CEPA)។ ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងពីសារសំខាន់នៃកិច្ចព្រមព្រៀង CEPA ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ លោកស្រីគូសបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀង CEPA ក៏នឹងអាចឱ្យក្រុមហ៊ុនកម្ពុជាផ្គត់ផ្គង់សេវាកម្មសំខាន់ៗរួមមាន៖ សេវាកម្មវិជ្ជាជីវៈ និងធុរកិច្ច សេវាកម្មសំណង់ និងវិស្វកម្ម សេវាកម្មបរិស្ថាន និងសេវាកម្មដទៃទៀត។

លោកស្រីរដ្ឋលេខាធិការ បន្ថែមថា កិច្ចព្រមព្រៀង CEPA នេះ បានបន្តពង្រឹងមិត្តភាពដែលមានស្រាប់រវាង កម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជា ទំនិញ សេវា និងវិនិយោគ ។ល។ សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ក្នុងឆមាសទី១នៃឆ្នាំ២០២៥នេះ មានសរុបប្រមាណ៤៧លានដុល្លារអាម៉េរិក ដោយការនាំចេញមាន៣៦លានដុល្លារអាម៉េរិក និងនាំចូលមាន១១លានដុល្លារអាម៉េរិក។ ក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត។ ដោយទ្បែក ការនាំចូលមកវិញមានដូចជា រ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕




