
រាជធានីអាប៊ូដាប៊ី៖ ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉េរិក OpenAI នឹងជួយអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យថ្មីនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងជំរុញឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុតថ្មីមួយនៅក្នុងពិភពលោក។ នេះបើតាមសារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃសុក្រទី១៦ ខែឧសភា។

ក្រុមហ៊ុន ChatGPT ត្រូវបានគេរំពឹងថានឹងក្លាយជាយុថ្កាដ៏សំខាន់មួយសម្រាប់ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួមក្លាយមជ្ឈមណ្ឌលទិន្នន័យ ៥ជីហ្គាវ៉ាត់។ នេះបើតាមរបាយការណ៍។ របាយការណ៍ក៏បានបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន ដែលគាំទ្រដោយក្រុមហ៊ុនយក្ស Microsoft មួយនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែការប្រកាសជាផ្លូវការនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម និងសហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ប្រទេសឈូងសមុទ្ទមួយនេះ ដើម្បីសាងសង់មជ្ឈមណ្ឌល AI ដ៏ធំបំផុតមួយនៅខាងក្រៅទឹកដីសហរដ្ឋអាម៉េរិក៕




