ចាប់ខ្លួនគ្រូទាយម្នាក់នៅខេត្តសៀមរាប ពីបទឆបោក «លក់វត្ថុស័ក្តិសិទ្ធិ»
អុន សម្ផស្ស
09 សីហា 2025 08:00 AM

ក្រុងសៀមរាប៖ កងរាជអាវុធហត្ថស្រុកជីក្រែង ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីឆបោក «លក់វត្ថុស័ក្តិសិទ្ធិគោបាធ្វើពីសំរិទ្ធ»..។

កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រកាសនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សឹម ស៊ីណាន មានមុខរបរជាគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានរងបណ្តឹងពីជនរងគ្រោះ ឈ្មោះ ញ៉ សុខឃីម ពាក់ព័ន្ធនឹងការឆបោក ដែលប្រព្រឹត្តតាំងពីអំឡុងខែមីនាឆ្នាំ២០២៥។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយបំភ្លឺថា រូបគេពិតជាធ្លាប់បាននិយាយប្រាប់ជនរងគ្រោះថា មានគោបាជារបស់ស័ក្តិសិទ្ធិប្រាកដមែន ដោយឱ្យមើលតាមរយៈរូបថត។

ជនសង្ស័យក៏បានសារភាពបន្ថែមថា ពិតជាបាននិយាយឱ្យជនរងគ្រោះប្រគល់ប្រាក់ជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន៦ពាន់ដុល្លារអាម៉េរិក និងប្រាក់រៀល១៦លានរៀលមែន។ ក្រោយទទួលបានប្រាក់ពីជនរងគ្រោះ ជនសង្ស័យបានយកប្រាក់នោះទៅសងគេ និងចាយវាយផ្ទាល់ខ្លួនអស់ ចំពោះគោបាធ្វើពីសំរិទ្ធិនោះគឺគ្មានទេ គឺជាការនិយាយកុហកជនរងគ្រោះប៉ុណ្ណោះ រីឯរូបសំណាកគោបានោះ ជារូបដែលជនសង្ស័យធ្វើខ្លួនឯង មិនមែនរបស់ពិតឡើយ។ ក្រោយអាជ្ញាធរឃាត់ខ្លួន និងធ្វើការសាកសួរព័ត៌មានរួច បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត