ភ្នាក់ងារទេសចរណ៍ជាង៤០០នាក់ ត្រៀមនាំភ្ញៀវចម្រុះជាតិសាសន៍ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
អុន សម្ផស្ស
11 មេសា 2025 09:00 AM

ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។ ជាក់ស្តែងក្រុមភ្នាក់ងារទេសចរណ៍ជាង៤០០នាក់ នឹងត្រូវដាក់ប្រចាំគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ..។

ទិដ្ឋភាពភ្នាក់ងារទេសចរណ៍ជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទៅកម្សាន្តតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍ជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទៅកម្សាន្តតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ចាន់ សំណាង បានឱ្យដឹងថា មន្ត្រីជំនាញបានរៀបចំក្រុមភ្នាក់ងារទេសចរណ៍នៅតាមគោលដៅសំខាន់ៗជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ និងរក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្ដល់ជូនម្ចាស់ដើមវិញ។ លោក ចាន់ សំណាង បញ្ជាក់ថា៖«ដើម្បីទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ ក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខារតាមប្រាសាទ»

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 

បន្ថែមពីនោះ មានភ្នាក់ងារទេសចរណ៍ប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ ដូចជា៖ ខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។ ក្រៅតែពីការជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរគ្រប់រូបដែលទៅកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។

ទិដ្ឋភាពភ្នាក់ងារទេសចរណ៍នៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍នៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 

ចំពោះការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរវិញ ភ្ញៀវទេសចរត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស ហើយត្រូវចតនៅចំណតរក្សាសណ្តាប់ធ្នាប់ឱ្យបានរៀបរយ។ បន្ថែមពីនោះ ត្រូវគោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ។ សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ដល់ថ្ងៃទី១៦មេសា នៅលើទីតាំងចំនួន៦ រួមមាន៖ ក្នុងបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street, និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីសរុបចំនួន៣៨ សុទ្ធសឹងជាកម្មវិធី ដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ៕  

ទិដ្ឋភាពភ្នាក់ងារទេសចរណ៍នៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍នៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍សម្អាតនៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍សម្អាតនៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍រៀបចំនៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
ទិដ្ឋភាពភ្នាក់ងារទេសចរណ៍រៀបចំនៅតំបន់អង្គរ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត