«សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី» កំពុងដាក់តាំងសំលៀកបំពាក់សមុច្ច័យជាសាធារណៈ
អុន សម្ផស្ស
19 កក្កដា 2025 04:30 AM

ក្រុងសៀមរាប៖ សមុច្ច័យសរុបចំនួន៣៥ ក្នុងនោះមានទាំងសំលៀកបំពាក់ អាវ សំពត់ និងកន្សែង កំពុងត្រូវបានរៀបចំដាក់តាំងបង្ហាញដល់​សាធារណជនទស្សនា និងស្វែងយល់នៅ«សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី» ស្ថិតនៅក្រុងសៀមរាប។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។ 

លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យដែលរៀបចំផ្លាស់ប្ដូរ និងតាំងបង្ហាញនៅពេលនេះមានអាយុកាលចន្លោះ ១៥ទៅ៣៥ឆ្នាំ។ សមុច្ច័យទាំងអស់នេះ សុទ្ធតែទទួលបានពីការបរិច្ចាគរបស់សប្បុរសជនមកពីខេត្តតាកែវ រាជធានីភ្នំពេញ និងសៀមរាប តាំងតែពីមុនឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៤។ លោករៀបរាប់ថា សមុច្ច័យដែលតាំងបង្ហាញនាពេលនេះមានដូចជា ហូលអន្លួញ កន្សែង ឬក្រមា ដែលមានក្បួរក្បាច់រចនាចម្រុះ ក្រៅពីនេះ ក៏មានសំលៀកបំពាក់ជាឈុតមានគោមចម្រុះ និងប្រើសម្រាប់មនុស្សចាស់ ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម ឬជាប់ខ្សែស្រឡាយព្រះរាជាជាកាលពីសម័យមុន។ 

ក្នុងនាមសារមន្ទីរ លោក សែន គឹមស៊ុន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានប្រគល់ជាសំពត់ និងអាវ ហូលមួយចំនួនដល់សារមន្ទីរ ដើម្បីរក្សាទុកបន្តសម្រាប់ដាក់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ។ ទន្ទឹមគ្នានេះ លោកក៏បានអំពាវនាវឱ្យសាធារណជន ឬអ្នកតម្បាញដែលចង់ឃើញ ឬសិក្សាពីក្បាច់គោមនៃសមុច្ច័យ អាចទៅទស្សនាបាននៅរៀងរាល់ថ្ងៃពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤រសៀល ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ។ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅក្បែររង្វង់មូលផ្លូវ៣០ ឬវិថីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត