ពូទីន ប្រកាសចង់ជួប ត្រាំ លើទឹកដីអេមីរ៉ាតអារ៉ាប់រួមនៅសប្តាហ៍ក្រោយ
N
Nary Vann
08 សីហា 2025 10:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន បើទោះបីជាមេដឹកនាំរុស្ស៊ីរូបនេះមិនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ដោយ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ការ​កត់សម្គាល់​របស់​លោក ត្រាំ ត្រូវបាន​ធ្វើឡើយក្រោយពីលោក ពូទីន បានប្រកាសថា​លោក​សង្ឃឹម​ថា​នឹង​ជួប​ជាមួយ​លោក ត្រាំ នៅ​សប្តាហ៍​ក្រោយ ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ លោក ពូទីន បានបដិសេធមិនជួបគ្នាទល់មុខជាមួយលោក ហ្សេឡេនស្គី។ លោក ត្រាំ បានអួតខ្លួនម្ដងហើយម្ដងទៀតថា លោក និងលោក ពូទីន អាចធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម។

លោក វ្ល៉ាឌីមៀ ពូទីន
លោក វ្ល៉ាឌីមៀ ពូទីន

ការប្រកាសរបស់លោក ពូទីន បានធ្វើឡើងនៅមុនថ្ងៃកំណត់របស់សេតវិមាន ដែលតម្រូវឱ្យរដ្ឋធានីមូស្គូបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំនៅអ៊ុយក្រែន ឬប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត។ អ៊ុយក្រែនព្រួយបារម្ភថាខ្លួននឹងត្រូវបានរារាំងដោយការចរចាដោយផ្ទាល់រវាងរដ្ឋធានីវ៉ាស៊ីនតោន និងមូស្គូ ហើយលោក ហ្សេឡេនស្គី បាននិយាយថា លោកបានសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំអឺរ៉ុបជាច្រើននាក់។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី

កិច្ចប្រជុំនេះនឹងក្លាយជាជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងរុស្ស៊ីជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ ហើយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាម។ យ៉ាងណា វាមិនមានការធានាថាជំនួបនេះនឹងបញ្ឈប់ការប្រយុទ្ធគ្នានោះទេ ដោយហេតុថា ទាំងរដ្ឋធានីមូស្គូ និងរដ្ឋធានីកៀវនៅខ្វែងគំនិតគ្នាលើលក្ខខណ្ឌសម្រាប់សន្តិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត