
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយបដិការ០ភាគរយ លើមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកកម្ពុជាពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៨សីហា ឆ្នាំ២០២៥នេះ…។

យ៉ាងណាក៏ដោយ មាត្រា២ នៃអនុក្រឹត្យបានបញ្ជាក់យ៉ាងច្បាស់ថា អត្រាពន្ធគយ០ភាគរយខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ ខណៈនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមជម្រាបថា ពន្ធ០ភាគរយដែលកម្ពុជាចាប់ផ្ដើមអនុវត្តលើទំនិញរបស់អាម៉េរិកដែលនាំចូលមកកម្ពុជា លើកលែងតែទំនិញប្រើរួច គឺជាសន្លឹកបៀសំខាន់ចុងក្រោយដែលកម្ពុជាបានយកទៅចរចាជាអាម៉េរិក ដើម្បីឱ្យសហរដ្ឋអាម៉េរិកព្រមបន្ធូរបន្ថយពន្ធបន្ថែមទៀតដល់កម្ពុជា។ ជាលទ្ធផល នៅព្រឹកថ្ងៃទី១សីហា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះអត្រាពន្ធសម្រាប់ទំនិញនាំចូលពីកម្ពុជាពី៣៦ភាគរយ មកនៅត្រឹម១៩ភាគរយវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកអត្រាពន្ធថ្មីនេះជាឱកាសបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ដោយឡែក លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញក្ដីជឿជាក់ថា អត្រាពន្ធថ្មីនេះ មិនត្រឹមតែអាចរក្សាបានវិនិយោគិនកុំឱ្យរើទីតាំងចេញកម្ពុជាប៉ុណ្ណោះទេ ហើយថែមទាំងអាចបង្កើនគម្រោងវិនិយោគជាច្រើនទៀតនៅកម្ពុជា ចូលរួមបង្កើតឱកាសការងារបានរាប់សិបម៉ឺនកន្លែង៕




