កម្ពុជា-ឡាវ នឹងសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីបង្កើនទេសចររវាងប្រទេសទាំងពីរ
អុន សម្ផស្ស
14 មីនា 2023 06:00 PM

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា-ឡាវ បានឯកភាពគ្នាជំរុញឱ្យឧត្តមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួល ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី ព្រមទាំងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដោយជាលទ្ធផលក្នុងកិច្ចជុំនួបនោះ រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរបានពិនិត្យឃើញដូចគ្នា នូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរដែលជាកតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីទាំងពីរបានយល់ស្របគ្នាក្នុងការជំរុញឱ្យឧត្តមមន្រ្តីទេសចរណ៍ នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាធ្វើដំណើរកម្សាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ។

បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីក៏បានសម្រេចឱ្យមានការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមកកាន់ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯង ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ រីឯការហោះហើរវិញ ភាគីកម្ពុជាស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធ និងគោលនយោបាយ ពិសេសផ្សេងទៀតតាមការស្នើសុំរបស់មិត្តឡាវ។

បន្ថែមលើនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជាកម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុន ពិពណ៌ម្ហូបអាហារ ដើម្បីអបអរសាទរខួប ៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមក កាន់ប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត