សម្ដេចធិបតី អរគុណពលរដ្ឋខ្មែរនៅទូទាំងពិភពលោកដែលគាំទ្រសន្តិភាព និងកិច្ចការពារទឹកដីពីការឈ្លានពានរបស់ថៃ
S
Soriya Sou
07 សីហា 2025 10:10 AM

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកដែលបានសាមគ្គីគ្នាប្រមូលផ្ដុំសម្ដែងមតិគាំទ្រទៅដល់សន្តិភាព និងគាំទ្រដល់កងកម្លាំងកម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដី ពីខ្មាំងសត្រូវឈ្លានពាន…។

ក្នុងស្មារតីខ្មែរតែមួយ មិនត្រឹមតែប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទេ តែថ្មីៗនេះប្រជាពលរដ្ឋជាច្រើននៅប្រទេសអូស្ត្រាលី, បារាំង, ស្វីស, កូរ៉េខាងត្បូង, ញូវហ្សេលែន ជាដើម បាននាំគ្នាប្រមូលផ្តុំអរគុណដល់រាជរដ្ឋាភិបាល និងអបអរសាទរបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងបានលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពថៃ។ ប្រជាពលរដ្ឋទាំងអស់ក៏បាននាំគ្នាតវ៉ានៅតាមទីតាំងដែលខ្លួនរស់នៅ ឱ្យមានការដោះលែងកងទ័ពកម្ពុជា១៨នាក់ដែលដែលថៃបានប្រើល្បិចចាប់ទៅ។ ថ្លែងលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី៦សីហា សម្ដេចធិបតីមានប្រសាសន៍ថា៖ «ខ្ញុំមានការរំភើប ដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទាររឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

កំលុងពេលប្រទេសកម្ពុជាកំពុងរងគ្រោះព្រោះការឈ្លានពីសំណាក់ភាគីថៃ ធ្វើឱ្យកងទ័ពជាច្រើននាក់បានស្លាប់ និងរបួស ជនស៊ីវិលជាច្រើនបានភៀសសឹកទៅទីជម្រកមានសុវត្ថិភាព សម្ដេចនាយករដ្ឋមន្រ្តី បានចាត់ទុកសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងពិភពលោក បានបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង។ ជាពិសេស វាបានបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម ខណៈរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃឱ្យបានឆាប់រហ័ស។ សម្ដេចធិបតី បានបន្តអះអាងពីការព្យាយាមតាមគ្រប់យន្តការរបស់រាជរដ្ឋាភិបាល ដើម្បីទាមទារឱ្យថៃដោះលែងទាហានកម្ពុជា១៨នាក់ឱ្យឆាប់បានវិលត្រលប់មកកម្ពុជាវិញយ៉ាងឆាប់រហ័សជាទីបំផុត។

សូមជម្រាបថា នៅថ្ងៃទី៧សីហានេះ ភាគីកម្ពុជា-ថៃនឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨កក្កដា ២០២៥កន្លងទៅ។ គេសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចជំរុញឱ្យបទឈប់បាញ់រវាងកម្ពុជា-ថៃ កាន់តែមានប្រសិទ្ធភាព មិនផុយស្រួយដូចពេលនេះ ដោយសារតែកងទ័ពថៃនៅតែបន្តរុករានឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត