ត្រាំ នឹងបើកទ្វារសេតវិមានទទួលមេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់ សម្រាប់កិច្ចចរចាសន្តិភាព
N
Nary Vann
•
06 សីហា 2025 03:30 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីអាម៉េរិកមួយរូបបានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់ សម្រាប់កិច្ចចរចាសន្តិភាពនៅសេតវិមាននាថ្ងៃសុក្រទី៨ ខែសីហា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

មន្ត្រីរូបនេះបានឱ្យដឹងថា ក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​អាច​នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​មនៅពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី។ មេដឹកនាំនៃប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានជួបប្រជុំគ្នានៅទីក្រុងអាប៊ូដាប៊ី ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម សម្រាប់កិច្ចចរចាសន្តិភាពកាលពីខែមុន ប៉ុន្តែមិនទទួលបានផ្លែផ្កាសម្រាប់ដោះស្រាយជម្លោះរាប់ទសវត្សរ៍នោះទេ។ ប្រទេសទាំងពីរនេះមានជម្លោះតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលតំបន់ Nagorno-Karabakh បានផ្តាច់ខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី។

តំបន់ដែលត្រូវបានទាមទារដោយទាំងអាស៊ែបៃហ្សង់ និងអាមេនី បន្ទាប់ពីការដួលរលំនៃចក្រភពរុស្ស៊ីក្នុងឆ្នាំ១៩១៧ មានប្រជាជនជនជាតិអាមេនីភាគច្រើនរស់នៅ នាពេលនោះ។ យ៉ាងណា អាស៊ែបៃហ្សង់បានដណ្តើមយកតំបន់ Nagorno-Karabakh មកវិញក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយបានជំរុញឱ្យជនជាតិអាមេនីប្រមាណ១សែននាក់ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី។ អាមេនីបានចោទប្រកាន់អាស៊ែបៃហ្សង់ថា បានលុបដានទាំងអស់នៃវត្តមានរបស់ជនជាតិអាមេនី នៅក្នុងទឹកដីដែលមានជម្លោះ ដោយផ្តើមចេញពីសង្រ្គាមឆ្នាំ២០២០ លើតំបន់ Nagorno-Karabakh។ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបញ្ជាឱ្យអាស៊ែបៃហ្សង់ អនុញ្ញាតឱ្យជនជាតិអាមេនីដែលភៀសខ្លួនចេញពីតំបន់ Nagorno-Karabakh ត្រឡប់ចូលទៅតំបន់នោះវិញ។

អាស៊ែបៃហ្សង់ ដែលប្រជាជនភាគច្រើនជាជនជាតិម៉ូស្លីម បានភ្ជាប់អត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ខ្លួនទៅនឹងទឹកដីនេះ ហើយបានចោទប្រកាន់ជនជាតិអាមេនីថា បានបណ្តេញជនជាតិភាគតិច Azeris ដែលរស់នៅក្បែរតំបន់នេះក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ កិច្ចប្រជុំនៅទីក្រុងអាប៊ូដាប៊ី កាលពីខែមុនរវាងនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ បានបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមីនា។ មេដឹកនាំទាំងពីរ បានយល់ព្រមបន្តការចរចាទ្វេភាគី និងវិធានការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ប៉ុន្តែមិនមានជំហានជាក់ស្តែងណាមួយត្រូវបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយពីកិច្ចពិភាក្សានោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត