
រាជធានីភ្នំពេញ៖ ក្រោយបានឃើញ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង មិនឱ្យមានការបង្ហោះដ្រូននៅជាប់ព្រំប្រទល់ប្រទេសថៃ។ ក្នុងនាមជាអ្នកជំនាញ មន្រ្តីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃ៥សីហានេះ ចេញមកបញ្ជាក់ថា ការដែលហាមមិនឱ្យបង្ហោះដ្រូន ក្នុងកំលុងពេលមានភាពតាងតឹងជាមួយទាហានថៃ ដោយសារមូលហេតុធំៗ៤យ៉ាង…។

មន្រ្តីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា ប្រសិនបើជនឈ្លានពានអាចគ្រប់គ្រងសញ្ញារបស់ដ្រូនបាន នោះអាចទាញយកកំណត់ហេតុពីទិន្នន័យសំខាន់ៗ រួមមាន៖ ទី១.កំណត់ហេតុទិន្នន័យនៃការហោះហើរ និងផ្លូវហោះហើរ។ ទី២.ទិន្នន័យប្រអប់ខ្មៅ (ល្បឿនម៉ូត័រ GPS, IMU)។ ទី៣.ទិន្នន័យ EXIF Metadata ដែលបានភ្ជាប់ជាមួយរូបភាព និងវីដេអូដែលបានថតទុក (កូអរដោនេ GPS, រយៈកម្ពស់, ពេលវេលា, ប្រភេទកាមេរ៉ា) ទាញយករូបភាព និងវីដេអូដែលបានលុប។ ទី៤.ទីតាំង និងប្រវត្តិរុករក ដូចជា ទីតាំងហោះហើរពីមុន, ទីតាំងហោះឡើង និងចុះចត។ ទិន្នន័យទាំងនេះ ពួកសត្រូវអាចកំណត់ចំណុចជាក់លាក់នៃកូអរដោនេ GPS តាមដានទីតាំងរបស់ដ្រូន ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់កងទ័ព ឬចលនាយោធា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងធ្វើឱ្យមានភាពងាយស្រួលដល់ជនឈ្លានពានក្នុងការកំណត់ទីតាំង។ មន្រ្តីជំនាញ សង្កត់ធ្ងន់ថា បើសិនបើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នោះអ្នកប្រព្រឹត្តបទល្មើសនឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់ជាក់ជាមិនខាន។

សូមរំឭកថា កាលពីថ្មីៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសហាមមិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន នៅគ្រប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់។ ដោយក្នុងនោះ ស្នើអភិបាលខេត្តជាប់ព្រំដេនកម្ពុជា-ថៃ រួមមាន ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កោះកុង សៀមរាប និងខេត្តកំពង់ធំ ត្រូវណែនាំប្រាប់ពលរដ្ឋដាច់ខាតមិនត្រូវធ្វើការបង្ហោះដ្រូន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧សីហា ឆ្នាំ២០២៥៕



