ថៃ អះអាងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ល្កឹកណាស្ថានការធូរស្រាលទាំងស្រុង
ហៀប ស៊ីថេត
04 សីហា 2025 06:30 AM

រាជធានីបាងកក៖ កងទ័ពភូមិន្ទថៃ(RTA) បានចាត់ទុកទាហានកម្ពុជាទាំង១៨នាក់ ដែលខ្លួនប្រើល្បិចចាប់ខ្លួនទៅ គឺជាអ្នកទោសសង្គ្រាម(POW) ដោយយោធាថៃបញ្ជាក់ថា ស្ថានភាពទាហានកម្ពុជាទាំង១៨នាក់ធានាបាននូវការការពារក្រោមច្បាប់មនុស្សធម៌។ ទន្ទឹមគ្នានេះ កងទ័ពភូមិន្ទថៃអះអាងប្រកាន់ខ្ជាប់នូវអនុសញ្ញាក្រុងហ្សឺណែវ ហើយកំពុងរៀបចំបញ្ជូនទាហានកម្ពុជាទាំង១៨នាក់ ត្រឡប់មកមាតុភូមិវិញ នៅពេលដែលស្ថានការណ៍បានធូរស្រាលទាំងស្រុង។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតថៃខាវសដ។

ជាក់ស្តែង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថៈផុន ណាក់ផានិច បានលើកឡើងថា ប្រទេសថៃបានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងអង្គការអន្តរជាតិផ្សេងទៀត ត្រួតពិនិត្យសុខុមាលភាពរបស់កងកម្លាំងកម្ពុជាទាំង១៨នាក់។ លោក​ក៏​បាន​អះអាង​ដែរ​ថា ទាហាន​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សមរម្យ មាន​តម្លាភាព និង​ត្រូវ​បានយក​ចិត្ត​ទុក​ដាក់​ក្នុង​លក្ខណៈ​ ដែល​អាច​ផ្ទៀងផ្ទាត់​បាន​តាម​ស្ដង់ដារ​អន្តរជាតិ។ នៅថ្ងៃទី៤ ខែសីហាដដែលនេះ អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ លោក រិជ្ជនា សុខសុវណ្ណនន្ន (ริชฌา สุขสุวานนท์) បានចោទកម្ពុជាទាំងងើលថា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា-ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ភាគីកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងបើកការវាយប្រហារចូលទឹកដីថៃ ទើបយោធាថៃបានចាប់យោធាកម្ពុជា ហើយក៏សម្រេចឃុំខ្លួនយោធាកម្ពុជា ដោយចាត់ទុកជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធនៃរដ្ឋប្រឆាំង។

លោក ណាត់ថៈផុន ណាក់ផានិច្ច, រូបភាព៖ ខាវសត
លោក ណាត់ថៈផុន ណាក់ផានិច្ច, រូបភាព៖ ខាវសត

អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃបញ្ជាក់ថា គោលបំណងនៃការចាត់ទុកទាហានកម្ពុជាជាអ្នកទោសសង្គ្រាម មិនមែនដើម្បីថ្កោលទោសទេ ប៉ុន្តែដើម្បីទទួលស្គាល់សិទ្ធិជាមូលដ្ឋានរបស់បុគ្គលក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ដោយក្នុងនោះរួម​មាន៖ ទី១,ការការពារពីការវាយដំ ការធ្វើទារុណកម្ម ការបង្ខិតបង្ខំ និងការពិសោធវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រ។ ទី២,សិទ្ធិ​ទទួល​បាន​ការ​ប្រព្រឹត្ត​ដោយ​មនុស្សធម៌ ដោយ​គ្មាន​ការ​ប្រមាថ ឬ​ការ​បង្ហាញ​មិន​សមរម្យ​ជា​សាធារណៈ។ ទី៣,ការផ្គត់ផ្គង់សម្ភារចាំបាច់ដូចជា៖ អាហារ ទឹក សម្លៀកបំពាក់ អនាម័យ និងការថែទាំសុខភាព។ ទី៤,ការហាមឃាត់ការឃុំខ្លួននៅក្នុងកន្លែងនៃក្រមព្រហ្មទណ្ឌ។ ទី៥,សិទ្ធិក្នុងការអនុវត្តសកម្មភាពសាសនា។ ទី៦,សិទ្ធិត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ នៅពេលដែលជម្លោះប្រដាប់អាវុធបានបញ្ចប់ទាំងស្រុង (មិនមែនគ្រាន់តែជាបទឈប់បាញ់ប៉ុណ្ណោះទេ)។

លោក រីឆា សុខសុវណ្ណនន្ន, រូបភាព៖ ខាវសត
លោក រីឆា សុខសុវណ្ណនន្ន, រូបភាព៖ ខាវសត

គួរបញ្ជាក់ថា ការអះអាងដ៏ពីរោះប្រៀបដូចផ្លែល្វារបស់ភាគីថៃ ហាក់កំពុងបង្កប់ដោយភាពពិសពុល ព្រោះថា ថ្មីៗនេះ យោធាថៃបានដោះលែងវីរកងទ័ពកម្ពុជាចំនួន២រូប ប៉ុន្តែពួកគាត់ទាំង២នាក់ មិនមែនមកវិញជាមួយស្មារតី និងកាយសម្បទាបរិបូរណ៍ដូចដើមនោះឡើយ។ ដោយក្នុងចំណោមពួកគាត់ទាំង២នាក់ ម្នាក់មិនអាចដើរបាន ដោយត្រូវអង្គុយក្នុងរទេះរុញ រីឯម្នាក់ទៀត អាចដើរបានតែមិនស្វាហាប់នោះទេ ដោយត្រូវដើរយឺតៗ និងត្រូវមានគេជួយទប់។ ដូច្នេះ ការអះអាងរបស់ភាគីថៃ មិនគួរឱ្យទុកចិត្ត ១០០ភាគរយនោះឡើយ ព្រោះថា ទាហានថៃតែងតែមានកលល្បិច និងលេស១០០ជំពូក ជាពិសេស ថែមទាំងរំលោភបំពានបទឈប់បាញ់ ដែលប្រទេសទាំង២ បានព្រមព្រៀងគ្នារួចទៅហើយ នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី២៨កក្កដា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត