ក្រសួងពាណិជ្ជកម្មថៃ៖ ៦ខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​កើនឡើង​ តែត្រូវជាប់គាំងក្រោយយោធាថៃបើកការឈ្លានពាន
ហៀប ស៊ីថេត
04 សីហា 2025 04:11 AM

រាជធានីបាងកក៖ ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានបន្តកើនឡើងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ពោលគឺឈានដល់តម្លៃសរុបចំនួន៩៥ ១៤៧ពាន់លានបាត កើនឡើង៣,៣៣ភាគរយ។ នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មថៃចេញផ្សាយនៅថ្ងៃចន្ទទី៤ ខែសីហានេះ ខណៈ៦ខែបន្តត្រូវបានជាប់គាំងដោយយោធាថៃបើកការឈ្លានពានលើកម្ពុជា...។

រូបភាព៖ The Nation
រូបភាព៖ The Nation

ដំណើរការពាណិជ្ជកម្មដ៏រឹងមាំ បានធ្វើឱ្យមានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនសម្រាប់ប្រទេសថៃ ដែលមានចំនួនជិត ៥០ពាន់លានបាត។ សរុបមក ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងចំនួន៤គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី បានកើនឡើងលើសពី១ពាន់ពាន់លានបាត ពោលគឺកើនឡើង១២ភាគរយ សម្រាប់រយៈពេលដូចគ្នានេះ។ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ លោកស្រី អារ៉ដា ភឿងថង (อารดา เฟื่องทอง) បានផ្តល់ការវិភាគលម្អិតថា តម្លៃពាណិជ្ជកម្មរួមជាមួយកម្ពុជា រួមទាំងពាណិជ្ជកម្មឆ្លងកាត់ទៅកាន់ប្រទេសដូចជាវៀតណាម និងចិនភាគខាងត្បូង បានកើនឡើង៥,៦០ភាគរយ បើធៀបនឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤។

រូបភាព៖ The Nation
រូបភាព៖ The Nation

ជាក់ស្តែង ការនាំចេញរបស់ថៃមកកាន់កម្ពុជាមានចំនួន៧២ ៤៤៧ពាន់លានបាត កើនឡើង៣,៣៣ភាគរយ ខណៈការនាំចេញពីកម្ពុជា ចូលទៅកាន់ប្រទេសថៃវិញឈានដល់២២ ៦៩៩ពាន់លានបាត កើនឡើង១៣,៥២ភាគរយ ដែលធានាបាននូវអតិរេកពាណិជ្ជកម្មចំនួន៤៩ ៧៤៨ពាន់លានបាតសម្រាប់ប្រទេសថៃ។ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានសង្កត់ធ្ងន់ថា​៖«​យើង​រំពឹង​ថា ​តម្លៃ​នៃពាណិជ្ជកម្ម​ថៃ​ ឆ្លង​កាត់​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។ នេះអាចនាំឱ្យមានការថយចុះប្រមាណ១ភាគរយ ពីគោលដៅពាណិជ្ជកម្មព្រំដែន និងឆ្លងកាត់សរុបរបស់ប្រទេសថៃឆ្នាំ២០២៥ ដែលត្រូវបានព្យាករថានឹងកើនឡើង៣ភាគរយ និងអាចកាត់បន្ថយប្រហែល២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន»។

ច្រកព្រំដែនសំខាន់ៗចំនួន៧ បានដើរតួនាទីយ៉ាងសំខាន់ គឺច្រកអារញ្ញប្រទេស (อรัญประเทศ) បានកត់ត្រាទំហំពាណិជ្ជកម្មសរុបចំនួន៦០ ៤៣២ពាន់លានបាត បន្ទាប់មក គឺច្រកខ្លងយ៉ៃ (คลองใหญ่) មានចំនួន១៥៦៧៧ពាន់លានបាត, ច្រកចន្ទបុរី (จันทบุรี) មានចំនួន១៤ ៦៩៦ពាន់លានបាត និងច្រកឆងឆម (ช่องจอม) មានចំនួន៣៤៤០ពាន់លានបាត។ ការនាំចេញសំខាន់ៗរបស់ថៃរួមមាន៖ ភេសជ្ជៈជាច្រើនប្រភេទ ទឹករ៉ែ និងម៉ាស៊ីន ខណៈការនាំចេញរបស់កម្ពុជាទៅថៃរួមមាន៖ បន្លែ សំណល់អេតចាយ អាលុយមីញ៉ូម ខ្សែភ្លើង និងខ្សែអ៊ីសូឡង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត