
រាជធានីបាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស ស្ងៀមពង្ស បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការដោះស្រាយជម្លោះព្រំដែន ដែលកំពុងបន្តជាមួយកម្ពុជា តាមរយៈបណ្តាញការទូតដោយសន្តិវិធី។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation។ តើថៃកំពុងបង្ហាញចេតនាពីការដោះស្រាយដោយសន្តិវិធីពិតប្រាកដឬយ៉ាងណា? ឬ គ្រាន់តែជាល្បិចបំភ័ន្តភ្នែកអន្តរជាតិ លាក់បាំងមហិច្ឆតាឈ្លានពានរបស់ខ្លួន មកលើកម្ពុជា?

បន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសថៃ លោក រ៉ូប៊ឺត អេហ្វ ហ្គោឌិច (Robert F. Godec) កាលពីថ្ងៃទី១ ខែសីហា លោក ម៉ារីស ទំនងជាបានប្រាប់រឿងរ៉ាវមិនពិតទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកអំពីភាពចលាចលនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង រដ្ឋមន្ត្រីរូបនេះបាននិយាយយកល្អថា ថៃចង់បញ្ចប់សង្គ្រាមជាបន្ទាន់ និងដំណោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី។ លោក ម៉ារីស ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកទៀតថា ជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈក្របខ័ណ្ឌការទូតដែលមានស្រាប់ ជាជាងសកម្មភាពយោធា ដើម្បីកុំឱ្យមានអ្នកស្លាប់និងរបួសច្រើនជាងនេះ និងស្តារប្រក្រតីភាពតាមបណ្តោយតំបន់ព្រំដែនកម្ពុជា-ថៃឡើងវិញ។

តើនេះគ្រាន់តែជាល្បិចបំភ័ន្តភ្នែកអន្តរជាតិ លាក់កំបាំងអំពើស្មោគគ្រោករបស់ខ្លួន ដើម្បីបំពេញមហិច្ឆតាឈ្លានពានមកលើកម្ពុជាឬយ៉ាងណា...? ពិភពលោកបានដឹងរួចទៅហើយ អំពីល្បិចកលដ៏៏ជូរជាតិរបស់ថៃ អំពីរឿងរ៉ាវនេះ ព្រោះកន្លងមកថៃតែងតែនិយាយផ្សេង ធ្វើផ្សឹង។ សូមជម្រាបត្រួសៗថា ថៃតែងតែបៀមឈាមព្រួសដាក់កម្ពុជាថាបានឈ្លានពានទឹកដីខ្លួន ទាំងដែលធាតុពិតថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកវាទីនិយម និងឈ្លានពានមកលើទឹកដីកម្ពុជាទាំងកម្រោល។ ក្រៅពីនេះ ថៃមិនគោរពបទឈបបាញ់ ដែលដឹកនាំដោយប្រធានអាស៊ានប្តូរវេន[ម៉ាឡេស៊ី] ក្រោមការសម្របសម្រួលយ៉ាងចិត្តទុកពីសហរដ្ឋអាម៉េរិក និងចិននោះទេ។

ចងចាំមិនភ្លេចចំពោះល្បិចដ៏ពិសពុលរបស់ថៃ។ ក្រោយមានបទឈប់បាញ់ ទាហានថៃប្រើល្បិចបក់ដៃហៅទាហានខ្មែរទៅចរចា ប៉ុន្តែបែរជាលើកកាំភ្លើងមកភ្ជង់យោធាកម្ពុជា រួចចាប់ធ្វើចំណាប់ខ្មាំង និងបានធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត។ ជាងនេះទៅទៀត ថៃបានស្នើប្តូរទីតាំងប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ពីរាជធានីភ្នំពេញ ទៅម៉ាឡេស៊ីវិញ ប៉ុន្តែសុខៗ ស្រាប់តែថៃបន្តស្នើសុំបន្ថែម កុំឱ្យមានអ្នកសង្កេតការណ៍នៅកិច្ចប្រជុំនេះ។ ទាំងអស់នេះ គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីកល្បិចដ៏ស្មោកគ្រោគ និងគួរឱ្យខ្ពើមរអើមរបស់ចោរឈ្លានពាន៕




