
រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១សីហានេះ បានសម្រេចបញ្ចុះអត្រាពន្ធសម្រាប់ទំនិញនាំចូលពីកម្ពុជាបន្ថែមទៀត ពី៣៦ភាគរយ មកនៅត្រឹម១៩ភាគរយវិញ…។

ការទម្លាក់ពន្ធរបស់អាម៉េរិកសម្រាប់ទំនិញនាំចូលពីកម្ពុជា ធ្វើឡើងក្រោយមន្រ្តីជាន់ខ្ពស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំប្រតិភូទៅចរចាជាមួយអាម៉េរិកចំនួន៤លើកទាំងទៅផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ និងក្រោយពេលជំនួបតាមទូរសព្ទរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨កក្កដាកន្លងទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកជាឱកាសនេះ បន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១សីហានេះថា សហរដ្ឋអាម៉េរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិកមកត្រឹម១៩ភាគរយ ដែលអាត្រាពន្ធនេះបានថយចុះ៣០ភាគរយ បើធៀបនឹងអត្រាពន្ធពីដំបូង៤៩ភាគរយ។ «នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខ»។

«នៅក្នុងអំឡុងពេលដែលខ្ញុំ បានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ និង២៨កក្កដាកន្លងទៅ ខ្ញុំបានបញ្ជាក់អំពីសារសំខាន់នៃសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ ហើយខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរសម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា។ ឯកឧត្តម ដូណាល់ ត្រាំ បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ហើយបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត។ ថ្ងៃនេះ គឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិកមកនៅត្រឹម១៩ភាគរយ»។

សម្ដេចធិបតីចាត់ទុកការទម្លាក់ពន្ធជូនកម្ពុជា ពីសំណាក់មហាអំណាចអាម៉េរិក ជាការផ្ដល់ឱកាសសម្រាប់កម្ពុជាក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបន្តទៅទៀត។ «ខ្ញុំសូមអរគុណដល់ឯកឧត្ដម ដូណាល់ ត្រាំ ដែលបានយោគយល់ និងផ្ដល់ឱកាសសម្រាប់កម្ពុជា»។ មិនភ្លេចទេ សម្ដេចក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែង និងកោតសរសើរដល់ក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការនេះរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរ។ សូមជម្រាបថា មិនមែនតែកម្ពុជាទេដែលអាម៉េរិកទម្លាក់ពន្ធជូនមកត្រឹម១៩ភាគរយ ប្រទេសថៃដែលកំពុងឈ្លានពានទឹកដីកម្ពុជា ក៏ទទួលបានអាម៉េរិកទម្លាក់ពន្ធជូនមកត្រឹម១៩ភាគរយដូចគ្នា ក្រោយព្រមព្រៀងបទឈប់បាញ់៕



