រដ្ឋធានីហ្សាការតា៖ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានអះអាងនៅថ្ងៃទី២៩ ខែកក្កដា ថា ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨គ្រឿង ពីប្រទេសតួកគី ខណៈចំណាត់ការនេះជាការចុះហត្ថលេខាលើការទិញចុងក្រោយបំផុត ក្នុងគោលបំណងធ្វើទំនើបកម្មយោធា ចំពេលភូមិសាស្ត្រនយោបាយក្នុងតំបន់កាន់តែស្មុគស្មាញ។

ដើម្បីពង្រឹងកម្លាំងទ័ពអាកាស រដ្ឋធានីហ្សាការតាបានបញ្ជាទិញយន្តហោះ Rafale របស់បារាំងចំនួន៤២គ្រឿងដែលមានតម្លៃ៨,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ លើសពីនេះ ឥណ្ឌូណេស៊ី ក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ចិន និងបន្តការពិភាក្សាទិញយន្តហោះចម្បាំង F-15EX ដែលផលិតដោយបងធំសហរដ្ឋអាម៉េរិកផងដែរ។ ជាក់ស្តែង អ្នកនាំពាក្យក្រសួងការពារជាតិ លោក ហ្វ្រេហ្កា វេណាស់ អ៊ីនគ្រីវ៉ាង (Frega Wenas Inkriwang) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌូណេស៊ី និងតួកគី បានចុះហត្ថលេខាលើកិច្ចសន្យាអនុវត្ត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅខាងក្រៅពិពណ៌ឧស្សាហកម្មការពារជាតិអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល។

គួរជម្រាបថា KAAN គឺជាយន្តហោះចម្បាំងជាតិដំបូងគេរបស់ប្រទេសតួកគី ទន្ទឹមនឹងក្រសួងការពារជាតិតួកគី បានចាត់ទុកយន្តហោះនេះ ជាយន្តហោះចម្បាំងជំនាន់ទី៥ ដោយត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F-110 ចំនួនពីរ ដែលត្រូវបានប្រើជាបរិក្ខាបំពាក់នៅក្នុងយន្តហោះចម្បាំង Lockheed Martin F-16 ជំនាន់ទី៤ របស់សហរដ្ឋអាម៉េរិកផងដែរ។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតកប៉ាល់ TAIS របស់តួកគីផងដែរ ដើម្បីទិញនាវាចម្បាំងប្រភេទ Milgem Istif ចំនួន២គ្រឿងបន្ថែមទៀត៕

