បណ្ដារដ្ឋមន្ត្រី​ការបរទេសអាស៊ាន​ជំរុញឱ្យថៃ-កម្ពុជា ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​
ម៉េងហុង
28 កក្កដា 2025 08:20 AM

រាជធានីគូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានជំរុញឱ្យប្រទេសថៃ និងកម្ពុជា អនុវត្តការអត់ធ្មត់ជាអតិបរមា និងអនុវត្តបទឈប់បាញ់ជាបន្ទាន់លើជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ពួកគេក៏បានអំពាវនាវឱ្យភាគីទាំងសងខាងត្រឡប់ទៅតុចរចាវិញ ហើយកុំចាត់វិធានការណាមួយដែលអាចធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព...។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងព្រមគ្នាថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលបណ្ដាលឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការផ្លាស់ទីលំនៅរបស់ប្រជាជនមួយចំនួនធំនៅតាមតំបន់ព្រំដែន។ សេចក្តីថ្លែងការណ៍បន្តថា​៖«យើងជំរុញឱ្យភាគីទាំងពីរបញ្ឈប់រាល់អរិភាព ត្រឡប់ទៅតុចរចាដើម្បីស្ដារសន្តិភាព និងស្ថិរភាព និងដោះស្រាយជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីនៃគ្រួសារអាស៊ាន ឯកភាព និងការត្រៀមខ្លួនជាអ្នកជិតខាងល្អ»។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីបានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងភាគីទាំងសងខាង និងបញ្ចប់ការប្រយុទ្ធគ្នា។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ចរចា​សន្តិភាព​ដែល​បាន​គ្រោង​ទុក​រវាង​កម្ពុជា ​និង​ថៃ ​ដែល​បាន​ធ្វើ​នៅ​ម៉ោង​៣​រសៀល (ម៉ោងនៅម៉ាឡេស៊ី) ​ថ្ងៃ​ចន្ទទី២៨ ខែកក្កដា​នៅ​ទីក្រុង​ Putrajaya។

គួរជម្រាបថា ថៃបានបើកការឈ្លានពានផ្នែកយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤កក្កដា ឆ្នាំ២០២៥មក។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត