
រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅបរទេស ដូចជា ប្រទេសកូរ៉េខាងត្បូង អូស្រ្ដាលី និងញូវហ្សេលែន បានបង្ហាញស្មារតីជាតិនិយម [ខ្មែរតែមួយ] តាមរយៈប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃអាទិត្យទី២៧កក្កដា ឆ្នាំ២០២៥នេះ ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃមកលើ អធិបតេយ្យភាពកម្ពុជា និងដើម្បីទាមទាររកភាពយុត្តិធម៌ និងសុខសន្តិភាព...។

ប្រភពព័ត៌មានពីបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី បានឱ្យ SBM News ដឹងនៅមុននេះបន្តិចថា ពលរដ្ឋខ្មែររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងមុខរដ្ឋសភាអូស្រ្ដាលី (Australia) ក្នុងទីក្រុងម៉ែលប៊ន (Melbourne) នាថ្ងៃអាទិត្យនេះ ដើម្បីប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងយោធារបស់ប្រទេសថៃ ដែលកំពុងធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជា។ ក្រុមបាតុករទាំងអស់ បាននាំគ្នាស្រែកព្រមគ្នាថា «Cambodia needs Peace ដែលមានមានន័យជាខេមរភាសាថា កម្ពុជា..ត្រូវការសន្ដិភាព!»។

មិនខុសពីបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី ពលករ សិស្សនិស្សិត និងពលរដ្ឋខ្មែររស់នៅប្រទេសញូវហ្សេលែន និងកូរ៉េខាងត្បូង ក៏បាននាំគ្នាជួបជុំសម្ដែងមតិ និងធ្វើការតវ៉ាយ៉ាងដាច់អហង្កា ជុំវិញសកម្មភាពយោធារបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ដូចជា កាំភ្លើងផ្លោង គ្រាប់បែកចង្កោម យន្តហោះចម្បាំង F-16 និងដ្រូនទម្លាក់គ្រាប់បែកមកលើភូមិឋានពលរដ្ឋស្លូតត្រង់ និងទីតាំងប្រាសាទបុរាណខ្មែរជាច្រើនកន្លែង ខណៈសកម្មភាពដ៏គឃ្លើនទាំងនេះ បាននិងកំពុងបញ្ជាក់យ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ ទោះបីថ្មីៗនេះ មានសំណើបទឈប់បាញ់ពីប្រធានអាស៊ានប្ដូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

ទោះជាយ៉ាងណា សកម្មភាពរបស់បងប្អូនខ្មែររស់នៅឯនាយសមុទ្ទក្នុងប្រទេសទាំងបីខាងលើ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ទោះបីជារស់នៅទីណា ក៏មិនភ្លេចជាតិសាសន៍ខ្លួនឯងដែរ និងជាការដាស់ស្មារតីជាតិនិយមដល់បងប្អូនខ្មែរដទៃទៀតដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗឱ្យមានការភ្ញាក់រឭកផងដែរ៕












