ឡាវ​ច្រានចោល​របាយការណ៍​ ស្ដីពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ជាមួយ​កង​កម្លាំង​កម្ពុជា
N
Nary Vann
27 កក្កដា 2025 02:48 AM

រដ្ឋធានីវៀងច័ន្ទន៍៖ របាយការណ៍នៃការបាញ់ប្រហារគ្នារវាងកងកម្លាំងឡាវ​ និងកងប្រដាប់អាវុធកម្ពុជា គឺមិនពិតនោះទេ។ នេះបើយោងតាមប្រភពពីកងទ័ពប្រជាជនឡាវ​ រាយការណ៍ទៅសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី២៦ខែកក្កដាម្សិលមិញ...។ 

សារព័ត៌មាន​កងទ័ព​ប្រជាជន​ឡាវ​ បាន​បញ្ជាក់​ថា ខ្លួនមិន​មាន​របាយការណ៍​ផ្លូវការ​ណាមួយ​ ទាក់ទង​នឹង​ឧបទ្ទវហេតុ​នេះ​ទេ។ នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា យោធាឡាវ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយអះអាងថា មានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងឡាវ និងកងប្រដាប់អាវុធកម្ពុជា ដែលត្រូវបានចោទប្រកាន់ថា បានឆ្លងដែនខុសច្បាប់។ យោងតាមរបាយការណ៍កាឡៃទាំងនោះ គឺមនុស្ស១០នាក់ត្រូវបានចាប់ខ្លួន និងដកហូតអាវុធ ដោយមានរូបថតនៃសេចក្តីថ្លែងការណ៍ដែលបានភ្ជាប់មកជាមួយ។ យ៉ាងណា តាមការផ្ទៀងផ្ទាត់ រូបថតនោះ ត្រូវបានរកឃើញថា ចេញពីសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រតិបត្តិការពិសេសយោធាខេត្តចម្ប៉ាស័ក ដែលបានរៀបរាប់លម្អិតថា ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា គ្រាប់កាំភ្លើងធំចំនួន១០គ្រាប់ បានធ្លាក់ទៅលើទឹកដីឡាវ។ សេចក្តី​ថ្លែងការណ៍​នោះ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា មិន​ច្បាស់​ថា​ ភាគី​ណា​បាន​បាញ់​គ្រាប់​ផ្លោង​នោះ​ទេ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖«អាជ្ញាធរឡាវ មិនទាន់បានចោទប្រកាន់ ឬបើកការស៊ើបអង្កេតលើករណីនេះនៅឡើយទេ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់កម្ពុជា»។ លោកស្រី​​បន្ថែម​ថា កងទ័ព​កម្ពុជា​បាន​បើក​ការ​វាយ​ប្រហារតបត ​ដោយ​ផ្តោត​តែ​លើ​មូលដ្ឋាន​យោធា​ថៃ​ប៉ុណ្ណោះ។ លោកស្រី សុជាតា ក៏​បាន​ច្រានចោល​របាយការណ៍​របស់​សារព័ត៌មាន​ថៃ ​ដែល​ថាកម្ពុជា​បាន​គំរាម​ប្រើ​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ PHL-03 ដើម្បី​វាយប្រហារ​ប្រទេស​ថៃផងដែរ។ 

លោកស្រី ម៉ាលី សុជាតា
លោកស្រី ម៉ាលី សុជាតា

យោធាភូមិភាគទី២ របស់ប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងងងឹតងងុលថា គ្រាប់ផ្លោងដែលធា្លក់ទៅលើប្រទេសឡាវ អំឡុងពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន គឺបានមកពីកងកម្លាំងកម្ពុជា។ លើសពីនេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ប្រទេសថៃ បានរាយការណ៍បន្ថែមថា មានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា គ្រាប់កាំភ្លើងធំចំនួន១០គ្រាប់​ បានធ្លាក់ចូលទឹកដីឡាវ ដោយបានបំផ្លាញផ្ទះជនស៊ីវិល។ គួរបញ្ជាក់ថា បច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងស៊ើបអង្កេត និងផ្ទៀងផ្ទាត់ប្រភពនៃសំបកគ្រាប់ឆ្លងដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត