
ក្រុងព្រះវិហារ៖ ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅតែបន្តឥតឈប់ឈរ ខណៈភាគីថៃកំពុងពង្រីជម្លោះតាមព្រំដែនជាមួយកម្ពុជា ហើយបន្តទម្លាក់គ្រាប់ប៉ះពាល់លើប្រាសាទព្រះវិហារ និងតំបន់មួយចំនួនក្បែរទីតាំងប្រាសាទ។ ការបាញ់ប្រហាររបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសលើទីតាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនេះ គឺជាការបំពានច្បាប់ និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។

តារយៈសេចក្តីថ្លែងការនៅព្រឹកថ្ងៃទី២៦កក្កដានេះ អាជ្ញាធរជាតិព្រះវិហារ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើកម្ពុជា ចាប់តាំងតែពីថ្ងៃទី២៤ និង២៥កក្កដាមក។ ទង្វើឈ្លានពានរបស់ថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។ ក្នុងន័យនេះអាជ្ញាធរជាតិព្រះវិហារ៖«ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះ សកម្មភាពបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយយន្តហោះមកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ រួមទាំងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងមូល»។

ថៃ..គឺជារដ្ឋសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ 195EX/32 របស់គណៈកម្មការប្រតិបត្តិរបស់អង្គការយូណេស្កូ ឆ្នាំ២០១៤ មានប្រទេសចិន និងប្រទេសឥណ្ឌា ជាសហប្រធាន រួមជាមួយប្រទេសជាសមាជិកដទៃទៀតដូចជា ប៊ែលហ្សិក បារាំង ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាម៉េរិក ដែលមានតួនាទី និងភារកិច្ចចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ក្នុងន័យនេះ អាជ្ញាធរជាតិព្រះវិហារ សម្ដែងនូវការសោកស្ដាយដែលប្រទេសថៃមិនបានបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌ ពិភពលោក ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារ ប៉ុន្តែបានធ្វើសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ផ្ទាល់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបានបង្ករឱ្យមានការជម្លៀសប្រជាជនរាប់ពាន់គ្រួសារ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន។

គួរជម្រាបថា ថៃបានបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយន្តហោះ F-16 មកលើកម្ពុជាគ្មានមិនញញើតច្បាប់អន្តរជាតិ ជាពិសេសទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ផ្ទាល់តែម្ដង។ ទង្វើរបស់ថៃននាពេលនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន មិនគោរពទៅតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ ពិធីសារទីពីរឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រីកកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ដែលប្រទេសថៃជារដ្ឋសមាជិក៕







