
រាជធានីភ្នំពេញ៖ គិតចាប់តាំងពីការប្រយុទ្ធគ្នាជាមួយទាហាន ពីព្រឹកថ្ងៃទី២៤ មកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ខាងកម្ពុជា មានទាហានបាត់បង់ជីវិត៥នាក់ រងរបួស២១នាក់ ពលរដ្ឋបាត់បង់ជីវិត៨នាក់ រងរបួស៥០នាក់។ នេះជាការអះអាងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកព្រលឹមថ្ងៃទី២៦កក្កដានេះ។
បើតាមលោកស្រីអ្នកនាំពាក្យ ពលរដ្ឋខ្មែរ ដែលបាត់បង់ជីវិត និងរបួសខាងលើ សុទ្ធតែជាអ្នកខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែររាប់ពាន់គ្រួសារដែលរស់នៅជិតព្រំដែន បានចាកចេញពីផ្ទះសម្បែងជាបន្តបន្ទាប់ ទៅរកទីតាំងមានសុវត្ថិភាព។ អ្នកនាំពាក្យ បង្ហាញរបាយការណ៍ថា ពលរដ្ឋជាង៦,៥ពាន់គ្រួសារក្នុងខេត្តឧត្តរមានជ័យ ពលរដ្ឋជាង៣,១ពាន់គ្រួសារក្នុងខេត្តព្រះវិហារ ពលរដ្ឋ៥២៤គ្រួសារក្នុងខេត្តបន្ទាយមានជ័យ និងពលរដ្ឋ៩៤គ្រួសារក្នុងខេត្តពោធិ៍សាត់ បានភៀសខ្លួន។
លោកស្រី ម៉ាលី សុជាតា អះអាងថា មកដល់ពេលនេះ ថៃ មិនបានចាត់វិធានការដើម្បីកាត់បន្ថយភាពតាងតឹងនៃជម្លោះឡើយ តែផ្ទុយមកវិញ ថៃបានដាក់កងទ័ពវាយប្រហារកាន់តែខ្លាំងមកលើកម្ពុជា។ លោកស្រី បញ្ជាក់យ៉ាងដូច្នេះ ៖«ការត្រៀមកងទ័ពទាំងនេះ បង្ហាញថា ថៃ ពង្រឹកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំងឡើងៗ»។ លោកស្រី ក៏ប្រកាសដែរថា កងទ័ពកម្ពុជា បានប្រយុទ្ធតទល់យ៉ាងអង់អាចក្លាហាន និងមោះមុត៕


