
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចចេញបទបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្នសិន ចាប់ពីយប់ថ្ងៃទី២៥កក្កដា ឆ្នាំ២០២៥តទៅ រហូតដល់មានការជូនដំណឹងជាថ្មី...។

ក្នុងចន្លោះពេលផ្អាកការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស នឹងត្រូវបន្តអនុវត្តតួនាទីភារកិច្ចសម្របសម្រួល ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បញ្ជាក់យ៉ាងដូច្នេះនៅយប់ថ្ងៃទី២៥កក្កដានេះ។

ក្នុងកំលុងពេលសមត្ថកិច្ចផ្អាកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លោកឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ សូមមេត្តាគោរពច្បាប់ និងបើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ព្រមទាំងអ្នកដទៃផងដែរ៕





