
រាជធានីភ្នំពេញ៖ ក្រោយកាសែតថៃ The Nation ផ្សាយព័ត៌មានខ្លីមួយថា សម្តេចតេជោ កំពុងហោះទៅប្រទេសចិន ភ្លាមៗ....សម្តេចតេជោ ហ៊ុន សែន បានចេញមកបដិសេធ ហើយអះអាងថា សម្តេចកំពុងនៅក្នុងទឹកដីកម្ពុជា រួមទាំងកំពុងចូលរួមបញ្ជាកងទ័ព វ៉ៃចោរថៃឈ្លានពានទៀតផង...។

ថ្លែងសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃព្រហស្បតិ៍ទី២៤កក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចុះផ្សាយបំភ្លៃរបស់អ្នកនយោបាយថៃ និងសារព័ត៌មានថៃ ក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ។ ក្នុងនោះ សម្តេចបានធ្វើការបកស្រាយដោយឆ្លើយតបទៅនឹងការចុះផ្សាយមិនពិតរបស់សារព័ត៌មានថៃវិញថា ក្នុងពេលនេះ សម្តេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ សម្តេចគូសបញ្ជាក់ថា៖«ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២ [លោក ប៊ុនស៊ីន ផាដក្លាង] របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ»។

លើសពីនោះ សម្តេចក៏បានសរសេរពាក្យមួយថា «Don’t Thai to me» ដែលពាក្យនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមកំណត់ន័យថា «កុំកុហកខ្ញុំ»។ សម្តេចគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់បន្ថែមថា៖«ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូនជនរួមជាតិ កុំព្រួយបារម្ភ»។ ចំណែក ចំពោះមូលហេតុនៃការផ្ទុះអាវុធនៅព្រឹកថ្ងៃទី២៤កក្កដានេះវិញ សម្តេច វាយតម្លៃថា មេបញ្ជាការយោធភូមិភាគ២របស់ថៃ ជាអ្នកបង្កសង្រ្គាម តាមរយៈការបញ្ជាឱ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

សម្តេចគូសបញ្ជាក់បន្ថែមថា៖«លោកម្នាក់នេះ [មេបញ្ជាការយោធភូមិភាគ២] ហើយដែលធ្លាប់បានព្រមានថា នឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ»។ គួរជម្រាបថា ការផ្ទុះអាវុធរវាងទាហានកម្ពុជា-ថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កក្កដា ឆ្នាំ២០២៥ កើតឡើងបន្ទាប់ពីទាហានថៃ យកបន្លាលួសស្រាស់នៅប្រាសាទតាមាន់ធំ ហើយទាហានកម្ពុជាទៅដកវិញ ទើបបណ្ដាលឱ្យផ្ទុះអាវុធដាក់គ្នាតែម្ដង។ មួយវិញទៀត ការផ្ទុះនេះក៏បណ្ដាលមកពី លោក ប៊ុនស៊ីន ផាដក្លាង មេបញ្ជាការប្រចាំភូមិភាគ២របស់ថៃ បានចេញបញ្ជាឱ្យបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី២៤កក្កដាតទៅដែរ៕




