
រាជធានីបាងកក៖ មេបញ្ជាការកងទ័ពជើងទឹកថៃ លោក ជិរពល វង់វីត (จิรพล ว่องวิทย์) ដឹកនាំប្រតិបត្តិការដែនសមុទ្ទនៅខេត្តត្រាចដោយផ្ទាល់ ដើម្បីការពារព្រំដែនសមុទ្ទរបស់ប្រទេសថៃ ក្រោយមានការប៉ះទង្គិចគ្នាយ៉ាងព្រឺព្រួចនៅតាមតំបន់ព្រំដែនគោក។

លោក ជិរពល វង់វីត បានធ្វើដំណើរទៅកាន់ខេត្តត្រាចភ្លាមៗ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវប្រតិបត្តិការយោធាជើងទឹក ដើម្បីការពារដែនសមុទ្ទរបស់ខ្លួន។ មេបញ្ជាការរូបនេះ ទៅមូលដ្ឋានទ័ពជើងទឹកក្នុងខេត្តត្រាច ដើម្បីបញ្ជាប្រតិបត្តិការការពារកងទ័ពជើងទឹកនៅត្រាច និងខេត្តចន្ទបុរី ត្រៀមប្រឆាំងកម្ពុជា។ លោកក៏បានបន្ថែមថា ប្រតិបត្តិការយោធាតាមសមុទ្ទ ត្រូវបានគ្រោងទុកជាមុន ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារជាតិ បន្ទាប់ពីយោធានៃប្រទេសទាំង២ បានបាញ់ស្រោចដាក់គ្នាតាមតំបន់ព្រំដែនគោក រួមទាំងការប្រើប្រាស់យន្តហោះ F-16 វាយប្រហារតាមអាកាសមកលើទីតាំងនានា ក្នុងប្រទេសកម្ពុជា៕




