រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសការឈ្លានពានរបស់ថៃ ដែលកំពុងបំពានច្បាប់អន្តរជាតិ
S
Sreyleak Yith
24 កក្កដា 2025 06:25 AM

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៤កក្កដានេះ ជុំវិញយោធាថៃ បើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជានៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ...។ 

សកម្មភាពគិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន ជាទង្វើឈ្លានពាន និងជាការរំលោភបំពានយ៉ាងគឃ្លីនលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ ជុំវិញសកម្មភាពខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។

ទាហានថៃ
ទាហានថៃ

ក្រសួងការបរទេស បន្ថែមថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ទន្ទឹមនោះ កម្ពុជា ក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារ អធិបតេយ្យបូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនពលរដ្ឋ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។

គួរជម្រាបថា ការផ្ទុះអាវុធរវាងទាហានកម្ពុជា-ថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កក្កដា ឆ្នាំ២០២៥នេះ កើតឡើងបន្ទាប់ពីទាហានថៃ យកបន្លាលួសស្រាស់នៅប្រាសាទតាមាន់ធំ ហើយទាហានកម្ពុជា ក៏ទៅដកវិញ ទើបបណ្ដាលឱ្យផ្ទុះអាវុធដាក់គ្នាតែម្ដង។ មួយវិញទៀត នៅព្រលប់ថ្ងៃទី២៣កក្កដា លោក ប៊ុនស៊ីន ផាដក្លាង មេបញ្ជាការប្រចាំភូមិភាគ២របស់ថៃ បានចេញបញ្ជាឱ្យបិទជាឯកតោភាគីនូវប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី២៤កក្កដានេះតទៅផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត