
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំមន្រ្តីជំនាញក្រោមឱវាទរៀងខ្លួន ជួបពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការរៀបចំធ្វើវិសោធនកម្មនេះ ដើម្បីបញ្ចូលខ្លឹមសារថ្មី ឱ្យមានចន្លោះអាចដកសញ្ជាតិខ្មែរបាន ពីបុគ្គលណាដែលត្រូវរកឃើញមានទោសកំហុសគប់គិតជាមួយបរទេស ដើម្បីធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រយោជន៍ជាតិ ឬសន្តិសុខជាតិធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាល និងស្ថាប័នជាតិកំពូលៗផ្សេងទៀត ហៅអំពើនេះ ថាជាអំពើក្បត់ជាតិ។

កិច្ចពិភាក្សារវាងលោករដ្ឋមន្រ្តីមហាផ្ទៃ និងលោករដ្ឋមន្រ្តីយុត្តិធម៌ កើតឡើងបន្ទាប់ពីរដ្ឋធម្មនុញ្ញកម្ពុជា ទើបនឹងត្រូវបានធ្វើវិសោធនកម្មរួចនាពេលថ្មីៗនេះ។ ពីមុន រដ្ឋធម្មនុញ្ញ កំណត់ថា ពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិខ្មែរឡើយ។ ប៉ុន្តែ ក្រោយត្រូវធ្វើវិសោធនកម្មរួច រដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យមានច្បាប់ដើម្បីដកសញ្ជាតិខ្មែរ។ ដូច្នេះ ទើបថ្នាក់ដឹកនាំក្រសួងទាំង២ រួមគ្នាធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដើម្បីបន្ថែមចំណុចដែលអាចដកសញ្ជាតិខ្មែរបាន។

មានមតិ២ខ្វែងគ្នា ពីរឿងធ្វើច្បាប់ដកសញ្ជាតិខ្មែរនេះ។ ម្ខាង យល់ថា អ្នកគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្លួនឯង មិនសក្តិសមជាជនជាតិខ្មែរឡើយ ដូច្នេះ ការដកសញ្ជាតិខ្មែរពីអ្នកនោះ គឺជារឿងសមហេតុផល។ ម្ខាងទៀត យល់ថា សព្វថ្ងៃ កម្ពុជា មានច្បាប់ដាក់ទោសអ្នកគប់គិតជាមួយបរទេស ឬអ្នកប្រព្រឹត្តអំពើក្បត់ជាតិរួចហើយ ដូច្នេះ មិនចាំបាច់ដល់ថ្នាក់ត្រូវធ្វើច្បាប់បន្ថែម ដើម្បីដកសញ្ជាតិខ្មែរថែមទៀតនោះទេ។

នៅពេលឆ្លងកាត់ការធ្វើវិសោធនកម្មរួចហើយ ច្បាប់ស្តីពីសញ្ជាតិ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការដកសញ្ជាតិខ្មែរពីបុគ្គលណាម្នាក់។ គេមិនទាន់ដឹងថា ច្បាប់ស្តីពីសញ្ជាតិនេះ នឹងត្រូវធ្វើវិសោធនកម្មចប់នៅពេលណាជាក់លាក់ឡើយ ប៉ុន្តែលោក កើត រិទ្ធ ធ្លាប់ប្រកាសកន្លងមកថា នឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។ ជានីតិវិធី នៅពេលក្រសួង-ស្ថាប័នជំនាញពិភាក្សាគ្នារួច សេចក្តីព្រាង ឬសេចក្តីស្នើស្តីពីការធ្វើវិសោធនកម្មច្បាប់ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងអនុម័ត។

បន្ទាប់មកទៀត សេចក្តីព្រាង ឬសេចក្តីស្នើស្តីពីការធ្វើវិសោធនកម្មច្បាប់ នឹងត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ហើយដំណាក់កាលចុងក្រោយ ត្រូវថ្វាយទៅព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់។ សេចក្តីព្រាង ឬសេចក្តីស្នើច្បាប់ នឹងក្លាយជាច្បាប់ជាផ្លូវ នៅពេលព្រះមហាកត្រចេញព្រះរាជក្រម៕



