
រាជធានីភ្នំពេញ៖ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំក្របខណ្ឌច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តិអំពើក្បត់ជាតិខ្លួនឯង មិនមែនជាអំពើប្រល័យពូជសាសន៍ទេ ផ្ទុយទៅវិញច្បាប់នេះ ជាការលើកកម្ពស់ជាតិសាសន៍ទៅវិញទេ។ នេះជាការអះអាងរបស់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រោយមានការលើកឡើងពីក្រុមជ្រុលនិយមមួយចំនួនថា ការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ជាអំពើប្រល័យពូជសាសន៍…។

លោក កើត រិទ្ធ បានចាត់ទុកការលើកឡើងរបស់ក្រុមជ្រុលនិយមថា គ្មានមូលដ្ឋានច្បាស់លាស់ មិនស្រាវជ្រាវ ហើយគ្មានការយល់ដឹងទាល់តែសោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១១កក្កដានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចោទជាសំណួរទៅវិញថា បើការធ្វើច្បាប់ដកសញ្ជាតិ គឺជាអំពើប្រល័យពូជសាសន៍ ចុះប្រទេសនៅលើពិភពលោកជាង១៥០ ដែលមានច្បាប់ដកសញ្ជាតិ បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ឬយ៉ាងណា? «សូមទៅស្រាវជ្រាវច្បាប់របស់ប្រទេសនោះបន្ថែម ដើម្បីដឹងថា ច្បាប់ប្រទេសនោះមានដកសញ្ជាតិឬទេ? បើមាន មិចមិនថាប្រទេសនោះប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ដែរទៅ»។

លោកសង្កត់ធ្ងន់ថា៖«ផ្ទុយទៅវិញ វាមិនមែនជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ ប៉ុន្តែជាការលើកកម្ពស់ជាតិសាសន៍ទៅវិញ តាមរយៈការបន្សុថនូវទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិ និងប្រជាជនរបស់ខ្លួន»។ ក្របខណ្ឌច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋឱ្យបានរឹងមាំ ជាពិសេស ប្រឆាំងនឹងពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេសប្រព្រឹត្តិអំពើក្បតិជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្ដមប្រយោជន៍របស់ប្រជាជាតិ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងជាថ្មីថា ការដកសញ្ជាតិខ្មែរ នឹងធ្វើឡើងសម្រាប់តែជនណាដែលក្បត់ជាតិខ្លួនឯងប៉ុណ្ណោះ។«បើអ្នកក្បត់ជាតិហើយ គឺជាតិមិនទុកអ្នកទេ ជាតិជាអ្នកសម្រេចដកអ្នកចេញពីជាតិដោយខ្លួនឯង ដោយឡែក ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ មានភក្ដីភាពស្មោះត្រង់ឥតងាយរេចំពោះជាតិ នឹងមិនត្រូវបានដកសញ្ជាតិទេ សូមកុំបារម្ភ»។

សេចក្ដីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ បើកផ្លូវឱ្យដកសញ្ជាតិពលរដ្ឋខ្មែរណាគប់គិតបរទេសក្បត់ជាតិខ្លួនឯង ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេងគាំទ្រ១២៥លើ១២៥ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១កក្កដានេះ។ សេចក្តីស្នើច្បាប់នេះ មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវបានកំណត់ក្នុងច្បាប់។

គួររំឭកថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា ដោយច្បាប់នេះក៏មាននៅក្នុងសម័យសង្គមរាស្ត្រនិយមដែរ។ ទន្ទឹមនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក ទាំងនៅអាស៊ី និងអឺរ៉ុប ក៏សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕


