
រាជធានីភ្នំពេញ៖ សេចក្ដីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ដែលអនុញ្ញាតឱ្យដកសញ្ជាតិពលរដ្ឋខ្មែរម្នាក់ណាគប់គិតបរទេស ក្បត់ជាតិសាសន៍ខ្មែរខ្លួនឯង ត្រូវបានសមាជិករដ្ឋសភាចំនួន១២៥អង្គ/រូប ឬស្មើនឹង១០០ភាគរយ នៃតំណាងរាស្ត្រសរុបមកពីចម្រុះគណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា ព្រមគ្នាលើកដៃអនុម័ត…។

ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១កក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ជាការបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលបានគប់គិតជាមួយបរទេស។ សូមរំឭកថា ការកែប្រែមាត្រា៣៣នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៧មិថុនា ដោយសម្ដេចអះអាងថា ការធ្វើបែបនេះ គឺដើម្បីជាការធានាអះអាងមួយ កម្ពុជាមិនត្រូវទទួលបានការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរណាម្នាក់ ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនឡើយ។

មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នឹងកែពី «មិនអាចដកសញ្ជាតិខ្មែរ ទៅជាអាចដកសញ្ជាតិខ្មែរ» ពីពលរដ្ឋខ្មែរណាម្នាក់ដែលត្រូវបានរកឃើញថា បានចូលដៃចូលជើងជាមួយបរទេស ប្រព្រឹត្តទង្វើបំផ្លាញជាតិសាសន៍ខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងកាលពីថ្ងៃទី៥កក្កដាថា ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះឡើយ ពីព្រោះថា ច្បាប់នេះ ក៏មាននៅក្នុងសម័យសង្គមរាស្ត្រនិយមដែរ។ សម្តេចតេជោបានបង្ហាញឯកសារពីរច្បាប់ ដោយសម្ដេចបានបញ្ជាក់ថា ទើបតែរកឃើញ។ ឯកសារទាំង២នោះ គឺ ទី១.ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមឆ្នាំ១៩៦៨ និងទី២.ក្រមរដ្ឋប្បវេណីឆ្នាំ១៩៦៧។ សម្តេចបន្តថា ឯកសារទាំង២នេះ បានបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់ក្នុងការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្ត្រនិយម។

សូមជម្រាបថា នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក ទាំងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាតិ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា៖ បារាំង អាម៉េរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អុីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕



