
រាជធានីភ្នំពេញ៖ ជនជាតិម៉ាឡេស៊ីចំនួន៦នាក់ ត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួនភ្លាមៗក្នុងស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមចំនួន៦១៨៧៦ក្រាម ឆ្ពោះទៅប្រទេសអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០២៥...។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៦កក្កដា ដោយមានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពិនិត្យឃើញជាក់ស្តែងកញ្ឆាក្រៀមក្នុងវ៉ាលិសចំនួន៤ ដែលជនសង្ស័យមានបំណងនាំចេញពីរាជធានីភ្នំពេញទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងបន្តទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៦នាក់រួមមាន៖ទី១.ឈ្មោះ មហាម៉ាត់ ណូរីដហ្ស្វ៊ីន ប៊ីនណូឌីន (MOHAMAD NORIDZWIN BIN NORDIN) អាយុ៣៧ឆ្នាំ, ទី២.ឈ្មោះ ហ្វូ ហ្វេងវ៉ា (FOO WENG WAH) អាយុ៤៧ឆ្នាំ។

រីឯទី៣.ឈ្មោះ មហាម៉ាត់ ហាហ្វស៊ីយ៉ាមី (MUHAMMAD HAFLZSYAHMI) អាយុ២៨ឆ្នាំ, ទី៤.ឈ្មោះ មូដ រ៉ាម៉ាន់ ប៊ីន ខាលីដ (MOHD RAHMAN BIN KHALID) អាយុ៣៤ឆ្នាំ, ទី៥.ឈ្មោះ វង់ កៀនហ្វាត់ (WONG KIEN FATT) អាយុ៧១ឆ្នាំ, និងទី៦.ឈ្មោះ នីក ហ្វែរូល ប៊ីន ចូស៊ូ (NIK FAIRUL BIN JUSOH) អាយុ៣១ឆ្នាំ។ ក្រោយបញ្ចប់ប្រតិបត្តិការសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ តាមច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និងដាំដុះកញ្ឆានៅកម្ពុជា គឺជាអំពើខុសច្បាប់ ខណៈរយៈពេល៦ខែ ដើមឆ្នាំនេះ កម្លាំងជំនាញបង្ក្រាបបទល្មើសដាំដុះកញ្ឆាបានចំនួន៧ករណី ចាប់ខ្លួនមនុស្ស៨នាក់។

គួរជ្រាបថា អាជ្ញាធរកម្ពុជា ជាញឹកញាប់តែងបង្ក្រាបបានករណីជនបរទេសលួចនាំកញ្ឆាចេញតាមផ្លូវអាកាស។ ជាក់ស្តែង កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់អាយុ៤១ឆ្នាំសញ្ជាតិអង់គ្លេស ជាមួយវត្ថុតាងកញ្ឆាក្រៀមចំនួន២២ដុំស្មើនឹងទម្ងន់ជិត២០គីឡូក្រាម។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ កាលនោះអះអាងថា មួយរយៈចុងក្រោយឧក្រិដ្ឋជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើនឡើងគួរឱ្យគត់សម្គាល់ ខណៈតាមការស៊ើបអង្កេត កញ្ឆាក្រៀម គឺមានប្រភពមកពីប្រទេសថៃ៕






