មន្ទីរប្រឆាំងគ្រឿងញៀន អំពាវនាវដល់សារព័ត៌មានកុំចុះផ្សាយសាធារណៈ អំឡុងពេលសមត្ថកិច្ចស៊ើបអង្កេត
អុន សម្ផស្ស
16 តុលា 2024 03:47 AM

រាជធានីភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ បង្កការភាន់​ច្រឡំពីសំណាក់មហាជនលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះបង្ក្រាបករណីគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៤តុលា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន បានស្នើសុំយ៉ាងទទូចដល់គ្រប់ភាគីពាក់ព័ន្ធ កុំផ្សាយជាសាធារណៈ នៅសកម្មភាពនានា អំឡុងពេលកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត…។

ផ្អែកតាមលិខិតបំភ្លឺរបស់មន្ទីរប្រឆាំងគ្រឿងញៀន ចុះថ្ងៃទី១៥តុលា ឆ្នាំ២០២៤ បានបង្ហាញការសោកស្ដាយ ក្រោយសារព័ត៌មានក្នុងស្រុកមួយ ចេញផ្សាយវីដេអូបង្ហាញនៅសកម្មភាពសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ត្រូវបានពលរដ្ឋឆោឡោ ដេញឃាត់កម្លាំងជំនាញមិនឱ្យអនុវត្តភារកិច្ចដោយភ្ជាប់ជាមួយចំណងជើងថា៖«ជុំវិញមតិលើកឡើងរបស់ប្រជាពលរដ្ឋ សូមបងប្អូនពិចារណាតាមការគួរ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។ មន្ទីរប្រឆាំងគ្រឿងញៀន ថា ក្រោយសារព័ត៌មានអនឡាញក្នុងស្រុកមួយ យកទៅចុះផ្សាយបង្កើតឱ្យមានការបញ្ចេញមតិមួយចំនួន ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេស ធ្វើឱ្យបែកព័ត៌មានសម្ងាត់ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់។

ហេតុនេះ មន្ទីរប្រឆាំងគ្រឿងញៀន៖«សំណូមពរដល់អ្នកសារព័ត៌មាន ប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈ ក្នុងអំឡុងពេលសមត្ថកិច្ចយើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង បណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ហើយមុននឹងផ្សព្វផ្សាយព័ត៌មាន ត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន»។ ទន្ទឹមគ្នានោះ មន្ត្រីប្រឆាំងគ្រឿងញៀនក៏បានបំភ្លឺពាក់ព័ន្ធករណីនោះដែរថា កាលពីថ្ងៃទី១៣តុលា កម្លាំងជំនាញ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែង នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ជាជនជាតិចិន(តៃវ៉ាន់) និងចាប់យកវត្ថុតាងសរុបគ្រឿងញៀនប្រភេទកេតាមីនជាង១គីឡូក្រាម។ លុះដល់ថ្ងៃទី១៤តុលា កម្លាំងជំនាញបានឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ូច ពេជ្រនី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងគ្រឿងញៀន១កញ្ចប់ ប្រភេទមេតំហ្វេតាមីន (ICE) និងម៉ូតូមួយគ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានចាត់មន្ត្រីនគរបាលជាតិម្នាក់ ឈ្មោះ ប៉ិច លឹមហ៊ុយ ជិះម៉ូតូជនសង្ស័យទៅអង្គភាព ស្រាប់តែមានបងប្អូនជនសង្ស័យ និងប្រជាពលរដ្ឋតាមពីក្រោយ និងបានស្រែកថា៖ ចោរៗ ធ្វើឱ្យមន្ត្រីដែលកំពុងជិះម៉ូតូនោះភ័យរត់ចោលម៉ូតូចូលតូបចាប់ហួយមួយកន្លែង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ត្រូវបានបងប្អូនជនសង្ស័យ និងប្រជាពលរដ្ឋឡោមព័ទ្ធ ស្រែកជេរឡូឡា និងប្រតាយប្រតប់ បើទោះបីសមត្ថកិច្ចប្រាប់ថា ខ្លួនជាសមត្ថកិច្ចយ៉ាងណាក្ដី។ ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងជម្លៀសមន្ត្រីម្នាក់នោះចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។ ទោះជាយ៉ាងណា ជុំវិញករណីនៅថ្ងៃទី១៥តុលា បងប្អូន និងម្តាយរបស់ជនសង្ស័យ (ឈ្មោះ អ៊ូច ពេជ្រនី) បានទៅដល់មន្ទីរប្រឆាំងគ្រឿងញៀនសារភាពកំហុស ចំពោះមុខសមត្ថកិច្ច ហើយសុំទោសរាល់កំហុសដែលបានធ្វើមកលើសមត្ថកិច្ចនាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត