ចាប់ខ្លួនជនជាតិចិនម្នាក់នៅរាជធានីភ្នំពេញ រឹបអូសថ្នាំញៀនជាង១៨គីឡូក្រាម
អុន សម្ផស្ស
07 សីហា 2024 11:00 AM

រាជធានីភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានរួមជាមួយថ្នាំញៀនជាង១៨គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤..។

ប្រភពដដែលបង្ហាញថា ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១០:៤០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។ ទីតាំងទាំងនោះរួមមាន៖ ទី១.នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី២.នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់៖ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនសរុបទម្ងន់១៨គីឡូនិង១០៦ក្រាម ជាប្រភេទកេតាមីន (KETAMINE) និងសារធាតុគីមីផ្សំ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បន្ថែមលើនោះ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត