
ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន បង្ក្រាបករណីដាំកញ្ឆាដោយខុសច្បាប់២កន្លែង នៅចំណុចកោះត្បែង ស្ថិតនៅភូមិញឺន ឃុំស្តៅ ស្រុកសេសាន និងបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ខណៈជនសង្ស័យមួយចំនួនទៀតកំពុងរត់គេចខ្លួន។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤...។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈ App No Drug នៅថ្ងៃទី១៩កក្កដា កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបដល់ទីតាំងនោះភ្លាមៗ ខណៈកម្លាំងជំនាញបានកាប់ និងដុតបំផ្លាញដើមកញ្ឆាសរុបចំនួន៧៦៧គុម្ព។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ គោលដៅទី១.កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។ ដោយឡែក គោលដៅទី២.អាជ្ញាធរបានកាប់ និងដុតបំផ្លាញកញ្ឆាចំនួន៥១២គុម្ព តែម្ចាស់ទីតាំងដឹងខ្លួនមុនបានរត់គេចខ្លួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ អាជ្ញាធរបានបញ្ជូនម្ចាស់ដំណាំ និងវត្ថុតាងមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។

គួរជម្រាបថា កម្មវិធីទូរសព្ទ «NoDrug» ជាកម្មវិធីផ្តល់សារអប់រំដ៏សម្បូរបែបពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀនបានក្លាយជាក្ដីបារម្ភរួមរបស់សង្គមជាតិ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ការទាញយកកម្មវិធីនេះនឹងទទួលបានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសសកម្មនៃគ្រឿងញៀន ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ កម្មវិធីនេះ ក៏អាចប្រើប្រាស់ជាមធ្យោបាយដើម្បីរាយការណ៍អំពីករណីប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀនក្នុងសហគមន៍មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានទៅបង្ការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»៕




