
ក្រុងតាខ្មៅ៖ ផ្លូវជាតិលេខ២១ ជាសរសៃឈាមសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ឆ្លងកាត់ព្រំដែនទៅវិញទៅមករវាងប្រទេសទាំង២ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ...។

មន្រ្តីសាធារណការ បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទ AC មានប្រវែង៦៣,៦គីឡូម៉ែត្រ។ ផ្លូវជាតិនេះ ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

សូមជម្រាបថា ការសាងសង់កំណាត់ផ្លូវជាតិលេខ២១ ប្រើកម្ចីឥណទានប្រមាណជាង៦០លានដុល្លារអាម៉េរិក ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd។ ត្រូវបានដាក់សម្ពោធឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ កំណាត់ផ្លូវនេះ ត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ តាមរយៈកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល៕



