កំណាត់ផ្លូវជាតិលេខ២១ ប្រវែងជិត៦៤គីឡូម៉ែត្រ នឹងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា
SoKeng
05 មីនា 2022 04:00 AM

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ-ជ្រៃធំ និងព្រំដែនកម្ពុជា-វៀតណាម  ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ នឹងដាក់ឲ្យសម្ពោធជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  

ផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប៦៣,៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd។

កំណាត់ផ្លូវជាតិលេខ២១នេះ ត្រូវបានបើកការដ្ឋានសាងសង់ ជួសជុល និងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណជាង៦០លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីកសាង និងជួសជុលកំណាត់ផ្លូវជាតិលេខ២១នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសាងសង់ស្ពានជ្រៃធំប្រវែង៤២៧ម៉ែត្រ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្រោមហរិញ្ញប្បទានរបស់ប្រទេសចិន។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២បានបញ្ជាក់ថា កំណាត់ផ្លូវនេះត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី។

រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះថា៖«ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេសនៃការសាងសង់ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីដោយផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្តការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មានអាយុកាលអាចប្រើប្រាស់បានយូរអង្វែង»៕​

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត