គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែន សិរីដីដុះ កំពុងបើកការស្រាវជ្រាវលើករណីគ្រូបង្រៀន តម្រូវឱ្យសិស្សស្រីថតរូបអាសអាភាសប្ដូរពិន្ទុល្អ
ហាក់ អ៊ីឌី
23 កក្កដា 2025 04:30 AM

ខេត្តកណ្ដាល៖ ក្រោយលេចធ្លាយរឿងអាស្រូវរបស់គ្រូបង្រៀនម្នាក់នៅ វិទ្យាល័យហ៊ុនសែន សិរីដីដុះ ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដែលទម្លាយចេញដោយសិស្សស្រីជាច្រើននាក់ ពាក់ព័ន្ធអំពើអសីលធម៌របស់គ្រូបង្រៀនម្នាក់ ដែលតម្រូវឱ្យសិស្សស្រីៗថតរូបភាពសិចស៊ី ឬរូបអាសអាភាស ជាថ្នូរនឹងការទទួលបានពិន្ទុល្អ។ ករណីខាងលើនេះ លោកនាយកសាលាវិទ្យាល័យហ៊ុនសែន ប្រាប់ SBM News ថា គណៈគ្រប់គ្រងកំពុងបើកការស្រាវបន្ទាន់...។

ថ្លែងប្រាប់ការីនិពន្ធព័ត៌មានអង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃពុធទី២៣កក្កដានេះ លោក អ៊ុក ព្រីង នាយកវិទ្យាល័យហ៊ុនសែន សិរីដីដុះ បញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធបញ្ហាខាងលើ លោកនៅមិនទាន់អាចអត្ថាធិប្បាយអ្វីឱ្យស៊ីជម្រៅបាននៅឡើយទេ ព្រោះពេលនេះ គណៈគ្រប់គ្រងសាលា និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តកណ្តាល បាននិងកំពុងបើកកិច្ចប្រជុំស្រាវជ្រាវបន្ទាន់ទៅលើករណី លោក ហឿន រ៉ាវី ជាគ្រូបង្រៀនម្នាក់ ដែលរងការចោទប្រកាន់ពីសិស្សស្រីជាច្រើននាក់។  យ៉ាងណា លោកនាយកវិទ្យាល័យ បានសង្កត់ធ្ងន់ថា ដោយសាររឿងខ្លះយើងដឹងមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដូច្នេះ លោកសុំពេលបន្តិចដើម្បីប្រមូលព័ត៌មាន​ និងលម្អិតជូននៅពេលក្រោយ។

លោក អ៊ុក ព្រីង នាយកវិទ្យាល័យហ៊ុនសែន សិរីដីដុះ
លោក អ៊ុក ព្រីង នាយកវិទ្យាល័យហ៊ុនសែន សិរីដីដុះ

សូមជម្រាបថា កាលពីយប់ថ្ងៃទី២២កក្កដាម្សិលមិញ សារឆ្លើយឆ្លងជាច្រើនត្រូវបានបែកធ្លាយជាបន្តបន្ទាប់លើបណ្ដាញសង្គម ដែលបង្ហាញពីសំណេររបស់គ្រូបង្រៀនមានឈ្មោះហៅក្រៅថា «ប៉ាតូច» បានតម្រូវឱ្យសិស្សស្រីៗថតរូបសិចស៊ី ឬអាសអាភាស ជាថ្នូរនឹងការទទួលបានពិន្ទុល្អ។ ដោយទំនងជាទ្រាំនឹងអំពើស្មោកគ្រោកនេះមិនបាន ទើបយុវតីទាំងអស់នោះ ដាច់ចិត្តទម្លាយចេញក្រៅតែម្ដង។ ជុំវិញបញ្ហានេះ មហាជនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម បានសំណូមពរដល់មន្រ្តីជំំនាញនៃក្រសួងអប់រំចាត់វិធានការបន្ទាន់ទៅលើបុគ្គលរូបនេះ ឱ្យបានធ្ងន់ធ្ងរបំផុតប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹត្តអំពើអសីលធម៌នេះប្រាកដមែន ព្រោះថា ប្រសិនបើបណ្ដោយឱ្យទង្វើនេះកើតឡើងបន្តទៀត វានឹងជះឥទ្ធិពលអាក្រក់ដល់គ្រឹះស្ថានអប់រំដទៃទៀត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត