
រាជធានីភ្នំពេញ៖ បន្លែសុវត្ថិភាពប្រមាណជិត១០តោន ត្រូវបានក្រសួងកសិកម្ម ប្រមូលទិញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ យកទៅជួយផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខកំពុងការពារព្រំដែន មិនឱ្យខ្មាំងសត្រូវឈ្លានពាន…។

រថយន្តដឹកជញ្ជូន២គ្រឿង បានដឹកបន្លែជាង៨តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី២២កក្កដា ឆ្នាំ២០២៥ បន្ទាប់ពីក្រសួងកសិកម្មប្រមូលទិញពីសហគមន៍រួចរាល់។ ក្រសួងកសិកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣កក្កដានេះថា សម្រាប់ជើងទីមួយ បន្លែដែលក្រសួងកសិកម្មបានប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំការជួរមុខនៃតំបន់ព្រំដែនខេត្តទាំងពីរ។ មិនត្រឹមប៉ុណ្ណឹងទេ នៅរសៀលថ្ងៃទី២៥កក្កដាខាងមុខ ក្រសួងនឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន៧តោនបន្ថែមទៀត យកទៅជួយផ្គត់ផ្គង់ផ្ដល់ជាកម្លាំងចិត្តបន្ថែមទៀតដល់កងកម្លាំងជួមុខ។

ទោះយ៉ាងណា ក្រសួងកសិកម្ម ចាត់ទុកសកម្មភាពនេះ ជាការចូលរួមក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីផ្គត់ផ្គង់ផ្ដល់អាហារូបត្ថម្ភមានគុណភាពខ្ពស់ ដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ក្រៅពីបានជួយដល់បងប្អូនកងកម្លាំង ការប្រមូលទិញបន្លែនាពេលនេះ ក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។

សូមជម្រាបថា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃផ្ទុះឡើង បង្កដោយភាគីថៃ តាំងពីថ្ងៃទី២៨ឧសភា បន្តរហូតមកដល់បច្ចុប្បន្ន មិនមែនមានតែក្រសួង-ស្ថាប័នរដ្ឋទេ ប៉ុន្តែគេឃើញ សប្បុរសជន និងប្រជាពលរដ្ឋជាច្រើន បានចូលរួមយ៉ាងសកម្ម នាំយកអំណោយជាច្រើនជាបន្តបន្ទាប់ យកទៅឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជា ដែលកំពុងការពារទឹកដីពីខ្មាំងសត្រូវ ដែលចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានស្បៀងគ្រប់គ្រាន់ក្នុងការទំនុកបម្រុងដល់យោធា តែការចូលរួមបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានផ្ដល់នូវកម្លាំងចិត្តយ៉ាងខ្លាំងក្លាដល់បងប្អូនយោធាជួរមុខ ដែលនេះជាបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងជួរមុខ និងជួរក្រោយ៕






