ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីអង្គការយូណេស្កូ ជាលើកទី២
N
Nary Vann
•
23 កក្កដា 2025 12:00 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យសហរដ្ឋអាម៉េរិក ដកខ្លួនចេញពីទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ឬអង្គការយូណេស្កូ (UNESCO)​ សាជាថ្មី...។

សេតវិមាន បានប្រកាសពីការសម្រេចចិត្តនេះ កាលពីថ្ងៃទី២២កក្កដា ដោយបញ្ជាក់ថា វានឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ អ្នកនាំពាក្យសេតវិមាន លោកស្រី អាន់ណា ខេលី (Anna Kelly) បានថ្លែងយ៉ាងដូច្នេះថា៖«ប្រធានាធិបតីត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីអង្គការយូណេស្កូ ដែលគាំទ្រដល់វប្បធម៌ និងសង្គមបែកបាក់គ្នា ដែលផ្ទុយនឹងគោលនយោបាយ ដែលប្រជាជនអាម៉េរិកបោះឆ្នោតជ្រើសរើសកាលពីខែវិច្ឆិកា»។ ក្រសួងការបរទេស បានលើកឡើងថា ការបន្តសមាជិកភាពរបស់សហរដ្ឋអាម៉េរិក មិនស្ថិតនៅក្នុងផលប្រយោជន៍ជាតិនោះទេ ដោយបានចោទប្រកាន់ទីភ្នាក់ងារនេះ ពីការលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសកលនិយម ផ្ទុយនឹងគោលនយោបាយការបរទេស America First។ ក្រសួងបន្តថា ការសម្រេចចិត្តឆ្នាំ២០១១ របស់ទីភ្នាក់ងារ ក្នុងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋសមាជិក គឺមានបញ្ហាជាខ្លាំង ហើយបានរួមចំណែកដល់វោហាសាស្ត្រប្រឆាំងនឹងអ៊ីស្រាអែល។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ត្រាំ បាន​ដក​អាម៉េរិក​ចេញ​ពី​អង្គការយូណេស្កូ ដោយ​បាន​ធ្វើ​ដូច្នេះ​ ក្នុង​ឆ្នាំ២០១៧ ជុំវិញ​កង្វល់​ស្រដៀង​គ្នា​នេះ។ គួររំឭកថា សហរដ្ឋអាម៉េរិក បានដកខ្លួនចេញពីអង្គការយូណេស្កូ លើកដំបូងក្នុងឆ្នាំ១៩៨៤ ក្រោមការដឹកនាំរបស់លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដោយលើកឡើងពីការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ និងការលម្អៀងប្រឆាំងនឹងអាម៉េរិក។ អាម៉េរិក បានចូលជាសមាជិកវិញនៅឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់លោក ចច វ៉កឃើរ ប៊ូស (George Walker Bush)។ បច្ចុប្បន្ន អង្គការយូណេស្កូ បានចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២៦នៅសហរដ្ឋអាម៉េរិក រួមទាំងរូបសំណាកតំណាងសេរីភាព ក្នុងចំណោមទីតាំងពិភពចំនួន១២៤៨ ដែលមានតម្លៃជាសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត