
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី៨មិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់ មុនចែករំលែកព័ត៌មានណាមួយពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ...។

ស្របពេលស្ថានការណ៍តាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹង ការបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណងបំភ្លៃការពិត កាឡៃប្រវត្តិសាស្ត្រ និងញុះញង់ក៏មានច្រើនជាបន្តបន្ទាប់ផងនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់មាន៣សំខាន់ៗ គឺ៖សុក្រឹត្យភាព, សុចរិតភាព, និងទំនួលខុសត្រូវ មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ លោកបានគូសរំលេចពីប្រភពព័ត៌មានផ្លូវការពិត និងត្រឹមត្រូវចំនួន៣ ដែលពលរដ្ឋអាចជឿទុកចិត្តបាន ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន រួមមាន៖ ១.ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ២.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ និង៣.ក្រសួងការពារជាតិកម្ពុជា។

យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ សូមជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកបដោយភាពម៉ឺងម៉ាត់។ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជៀសសង្គ្រាមជាយថាហេតុ កម្ពុជាប្រកាន់ជំហរយក «បញ្ហាព្រំដែន» នៅតំបន់មុំ៣, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ។

សូមជម្រាបថា ភាគីយោធាថៃ កាលពីថ្ងៃទី៧មិថុនាម្សិលមិញ បានប្រកាសជាឯកតោភាគី ដោយសម្រេចចិត្ត បិទច្រកព្រំដែនជាបណ្តោះអាសន្នជាមួយកម្ពុជា ដោយមិនទាន់ទទួលបានការយល់ព្រមពីភាគីកម្ពុជាឡើយ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី៧មិថុនាដដែលថា ការបិទច្រកព្រំដែនជាឯកតោភាគីពីខាងភាគីថៃមុនម៉ោងកំណត់ ទុកឱ្យភាគីថៃទទួលខុសត្រូវ។ ប៉ុន្តែសម្រាប់ជនរួមជាតិកម្ពុជា ត្រូវមានភាពចាស់ទុំ ថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ សម្ដេចបានអំពាវនាវដល់ជនរួមជាតិខ្មែរ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ និងសុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់កុំឱ្យបរទេសប្រមាថ៕



