លោកវេជ្ជបណ្ឌិតអ៊ួច វុទ្ធី ប្រាប់វិធីបង្ការជំងឺមហារីក ដែលកំពុងកើនឡើងខ្លាំងនៅកម្ពុជា
S
Soriya Sou
07 មីនា 2025 01:00 AM

រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅ អ្នកជំងឺមហារីកនៅកម្ពុជាសរុប៣១៥១៨នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះអ្នកជំងឺ១២៧នាក់បានបាត់បង់ជីវិត។ ចំនួននេះត្រូវបានក្រសួងសុខាភិបាលអះអាងថា បានកើនឡើងប្រមាណ៨៧,៤២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ ក្នុងសន្និតបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសុខាភិបាល នាពេលថ្មីៗ...។

ប្រជាពលរដ្ឋទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបតំណាង
ប្រជាពលរដ្ឋទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបតំណាង

លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានបញ្ជាក់ថា មហារីកជាជំងឺមិនឆ្លង និងជាជំងឺឱកាសនិយម ងាយចូលជ្រកក្នុងខ្លួនមនុស្សប្រសិនរាងកាយចុះខ្សោយ ហើយជាជំងឺដែលពិបាកព្យាបាល។ ដូច្នេះ លោកយល់ថា ការកើនឡើងនៃការរីករាលដាលជំងឺមហារីកនៅកម្ពុជា ពិតជាហានិភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកថាការកើនឡើងនូវជំងឺមហារីកនេះទៀតសោត គឺបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ ខ្វះអនាម័យក្នុងការរស់នៅ, ការបរិភោគអាហារដែលសម្បូរទៅដោយជាតិគីមី, ការទទួលទានភេសជ្ជៈកំប៉ុងមានជាតិផ្អែម, ការរស់នៅទីកន្លែងដែលមានផ្សែងពុលច្រើន, កន្លែងមិនស្អាត (មានក្លិនស្អុយ) ទាំងអស់នេះហើយដែលអាចបង្កជាជំងឺមហារីក ដូចជា ជំងឺមហារីកផ្លូវដង្ហើម, ជំងឺមហារីកសួត ,មហារីកគ្រាប់ឈាម, មហារីកថ្លើម, មហារីកខួរក្បាល, មហារីកប្រូស្តាត, មហារីកបំពង់ក។ល។

លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា (រូបមានក្រមាបង់នៅក) កំពុងពិគ្រោះជំងឺជូនពលរដ្ឋ
លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា (រូបមានក្រមាបង់នៅក) កំពុងពិគ្រោះជំងឺជូនពលរដ្ឋ

ក្នុងចំណោមជំងឺមហារីកទាំងអស់ ជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ត្រូវបានរកឃើញច្រើនជាងគេ ពោលគឺជំងឺមហារីកសុដន់ ចំនួនមាន២០,៤ភាគរយ និងមហារីកមាត់ស្បូន ចំនួន១១,៥ភាគរយ។ លោកវេជ្ជបណ្ឌិតអ៊ួច វុទ្ធី បានអះអាងថា បើទោះបីជាជំងឺមហារីកអាចកើតឡើងលើមនុស្សមិនប្រកាន់ភេទ និងអាយុ តែស្ត្រីប្រឈមច្រើនជាងបុរស ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងធ្លាក់ខ្លួនកើតមហារីកដោយមិនដឹងខ្លួន ជាពិសេស មហារីកសុដន់ និងមហារីកមាត់ស្បូន។ ស្ត្រីគួរមានអនាម័យឱ្យបានខ្ពស់ ចំណែកការបន្ទោរបង់ត្រូវធ្វើឡើងនៅកន្លែងស្អាត កុំបន្ទោបង់ពាសវាលពាសកាល ដែលធ្វើឱ្យមេរោគឱកាសនិយមងាយនឹងតោងជាប់ខ្លួន ហើយបង្កទៅជាជំងឺធ្លាក់ស រលាកមាត់ស្បូនរ៉ាំរ៉ៃ ស្វាយប្រមេះ ហើយអាចវិវត្តទៅជាជំងឺមហារីក។ លោកវេជ្ជបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ឱ្យស្ត្រីគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស បើមានអាការៈមួយចំនួនដូចជា ការឈឺចុកចាប់នៅលើថ្ងាស, ឧស្សាហ៍ធ្លាក់ស មានក្លិន, មានធ្លាក់ឈាមដោយមិនដឹងខ្លួន, ឧស្សាហ៍ក្ដៅខ្លួន ជាដើម។

រុបតំណាង
រុបតំណាង

​មិនមែនតែជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់នោះទេ ប៉ុន្តែដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រប់ជំងឺមហារីកទាំងអស់កុំឱ្យកើតលើសុខភាពមនុស្សទូទៅទាំងបុរស និងស្ត្រី លោកវេជ្ជបណ្ឌិតអ៊ួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានផ្ដល់អនុសាសន៍ថា ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា៖ ១.គ្រួសារ រួមមានប្ដីប្រពន្ធ ឪពុកម្ដាយ បងប្អូន។ ២.សង្គម រួមមាន ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន ,ក្រសួងអប់រំ និង ក្រសួងឧស្សាហកម្ម ត្រូវជួយដាស់តឿន ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្ស ឱ្យដឹងនិងចេះការពារខ្លួនពីជំងឺមហារីក។ ក្រៅពីនេះ បុគ្គលផ្ទាល់ខ្លួនក៏ត្រូវជួយខ្លួនឯង ដោយត្រូវជ្រើសរើសចំណីអាហារបរិភោគឱ្យបានត្រឹមត្រូវ ចៀសវាងអាហារមានជាតិគីមី, កាត់បន្ថយការទទួលទានស្រា, គ្រឿងកំប៉ុង, រស់នៅឱ្យមានអនាម័យទីកន្លែងដែលមានបរិស្ថានល្អ, ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងកុំនៅក្បែរថ្នាំគឺមីដូចជា ថ្នាំបាញ់សត្វល្អិតជាដើម។​ លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវឧស្សាហ៍តាមដានព័ត៌មានផងដែរ ដើម្បីអាចជ្រាបបានទាន់ពេលវេលាជុំវិញហានិភ័យនៃជំងឺមហារីក ក៏ដូចជាដើម្បីដាស់តឿនខ្លួនឯងឱ្យប្រុងប្រយ័ត្នពីជំងដ៏កាចសាហាវនេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត