អាកាសធាតុមិនល្អ! អភិបាលខេត្តកែប បញ្ជាឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្ទបណ្ដោះអាសន្ន
S
Soriya Sou
20 កក្កដា 2025 06:00 AM

ក្រុងកែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២០កក្កដានេះ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជូនដំណឹងបន្តដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងអាកាសធាតុ និងផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្ទជាបណ្ដោះអាសន្នសិន ក្រោមហេតុផលអាកាសធាតុមិនសូវល្អ ខណៈរលកសមុទ្ទក៏មានកម្ពស់ខ្ពស់ដែរ...។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប

ការណែនាំរបស់លោកអភិបាលខេត្តកែប ធ្វើឡើងក្រោយឥទ្ធិពលព្យុះ «វីផា» ដែលធ្វើឱ្យកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃជាទី២០-២២កក្កដា។ ខេត្តកែប ជាខេត្តជាប់មាត់សមុទ្ទមួយរបស់កម្ពុជា ក៏ទទួលរងឥទ្ធិពលនេះដែរ ដោយមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់បក់បោកខ្លាំង​ ហើយរលកមុទ្ទនឹងមានកម្ពស់ចាប់ពីកន្លះម៉ែត្រ​ទៅ២ម៉ែត្រកន្លះ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីយប់មិញ ខេត្តកែប ក៏មានស្ថានភាពខ្យល់ខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

រូបតំណាង
រូបតំណាង

ផ្អែកលើស្ថានភាពនេះ លោកអភិបាលខេត្តបានណែនាំដល់មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដូចជា៖ មន្ទីរទេសចរណ៍, មន្ទីរសេដ្ឋកិច្ច និងមន្ទីរកសិកម្ម ត្រូវជូនដំណឹងដល់អ្នកដេញថ្លៃ អ្នកដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ការធ្វើដំណើរតាមផ្លូវសមុទ្ទក្នុងភូមិសាស្ត្រខេត្តកែប និងប្រជានេសាទទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្ន ឬក៏ផ្អាកការធ្វើដំណើរតែម្ដង ចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ។ ចំពោះអភិបាលក្រុង-ស្រុក សូមត្រួតពិនិត្យមើលនូវការរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាកោះឆ្នេរ ដែលប៉ះពាល់ និងត្រូវពិនិត្យមើលស្ថិតិអ្នកដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ដើម្បីមានវិធានការឆ្លើយតបន្ទាន់ និងដោះស្រាយភ្លាមៗឱ្យមានប្រសិទ្ធភាព។

សូមជម្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី២០កក្កដានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០-២២កក្កដា មិនមែនមានតែខេត្តកែបមួយទេ តែស្ទើរគ្រប់រាជធានី-ខេត្តរបស់កម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះ «វីផា» ជាហេតុនាំឱ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដីពី១០-២៥ភាគរយ។ ចំណែករលកសមុទ្ទ នឹងមានកម្ពស់ចាប់ពីកន្លះម៉ែត្រទៅ២ម៉ែត្រកន្លះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត